វប្បធម៌នៃការរង់ចាំបញ្ជា ទំយើរយកមុខហួសហេតុ បាននិងកំពុងរំលងច្បាប់ដែលមានស្រាប់ ដែលប្រការនេះធ្វើឲ្យការអនុវត្តច្បាប់ហាក់ដូចជារយីករយាក មិនគ្រប់ជ្រុងជ្រោយ ហើយអ្វីៗ រង់ចាំតែបទបញ្ជា ។ មិនបាច់និយាយដល់រឿងធំដុំ ដែលរង់ចាំបញ្ជាពីប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ សូម្បីតែរឿងកំប៉ិកកំប៉ុក គ្រឿងញៀនប៉ុន្មានគ្រាប់ ក៏យោងការណែនាំ ឬអនុសាសន៍ពី«ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត»ដែរ ។ តាមដែលខ្ញុំបាទមើលឃើញ គ្រាន់តែមនុស្សបីបួននាក់ គ្រឿងញៀន៤-១០គ្រាប់គួរអនុវត្តតាមច្បាប់ទៅ មិនគួររង់ចាំបទបញ្ជា ឬអនុសាសន៍របស់ថ្នាក់ដឹកនាំនោះទេ ។
រឿងរ៉ាវធំដុំទាំងឡាយ គួរតែរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ ប៉ុន្តែរឿងគ្រឿងញៀន ដែលច្បាប់បានកំណត់ស្រេចទៅហើយនោះ មិនគួររង់ចាំអនុសាសន៍ពីថ្នាក់ដឹកនាំខេត្ត ឬពីស្នងការនគរបាលខេត្តនោះឡើយ ។ ខ្ញុំបាទដឹងហើយថា វាមិនមែនជាបទបញ្ជាអ្វីនោះទេ ប៉ុន្តែវាជាសំដីយកមុខរបស់មន្ត្រីដែលខំធ្វើការ ហើយមិនទទួលស្គាល់ការពិត ហុចផលប្រយោជន៍នេះឲ្យទៅមេខាងលើ ។ ជាងនេះទៅទៀត មេខាងលើ ក៏តែងតែផ្តាំផ្ញើទៀតថា យ៉ាងណាក៏ដោយ កុំភ្លេចនៅពេលនិយាយ គឺត្រូវតែយោងតាមការណែនាំ ឬអនុសាសន៍របស់មេ ឬឯកឧត្តមអភិបាលខេត្តនោះផង ។ ប៉ុន្តែបើតាមខ្ញុំបាទយល់ គ្រាន់តែគ្រឿងញៀន៤-៥គ្រាប់ មនុស្សពីរបីនាក់ ក៏ធ្វើឡើងដោយសារតែបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តដែរនោះ គឺឯកឧត្តមអភិបាលខេត្ត និងស្នងការនគរបាលខេត្ត អន់ទៅវិញទេ ។
ល្មមហើយ រង់ចាំបទបញ្ជានោះ ។ ច្បាប់មានស្រាប់ហើយតើ ហេតុអ្វីមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅ ។ នេះគ្រាន់តែនិយាយរឿងគ្រឿងញៀនមួយមុខប៉ុណ្ណោះ ប៉ុន្តែនៅមានករណីជាច្រើនទៀត ដូចជាល្បែងស៊ីសង… ទូហ្គេម ដែលកំពុងតែរីកដុះដាល ទាំងនៅទីក្រុង ទីប្រជុំជន ទីជនបទ… សុទ្ធតែខុសច្បាប់ ដែលតម្រូវឲ្យបង្ក្រាបដោយមិនចាំបាច់មានបទបញ្ជាអនុសាសន៍ ឬការចង្អុលបង្ហាញអ្វីទេ ។ ដូច្នេះ ការអនុវត្តច្បាប់ គឺជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីបង្ក្រាបបទល្មើសដោយមិនញញើតជនណា ដែលមានខ្នងបង្អែករឹងមាំនោះ ។ ជាងនេះទៅទៀត ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត មេប៉ូលិសខេត្ត គួរខ្មាស់អៀនផង បើគ្រាន់តែគ្រឿងញៀន៤ទៅ១០គ្រាប់ ក្មេងក្មាង៤ទៅ៥នាក់ ក៏ចេញបទបញ្ជា ឬណែនាំមន្ត្រីក្រោមឱវាទឲ្យបង្ក្រាបដែរនោះ? ផ្ទុយទៅវិញ មន្ត្រីថ្នាក់ក្រោម ជាអ្នកអនុវត្តច្បាប់ ដូច្នេះបើឃើញមានទង្វើអ្វីល្មើសច្បាប់ ត្រូវតែបង្ក្រាបមិនចាំបាច់យោងតាមការណែនាំដ៏ខ្ពស់ខ្ពស់នោះទេ ៕ ប្រជាពលរដ្ឋម្នាក់