ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាកបាទក្រហម​កម្ពុជា​ ចុះ​សួរ​សុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្ស​ធម៌ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០គ្រួសារ​​​ នៅខណ្ឌ​មានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូ​​កាកបាទក្រហម​កម្ពុជា​​ ដឹកនាំដោយ​​​​ លោកជំទាវ​ ម៉ែន​ នារី​សុភ័គ​ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហម​កម្ពុជា​ តំណាង​ដ៍ខ្ពង់ខ្ពស់សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ នឹងអមដំណើរ​ដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសា​ខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​ នៅវេលាម៉ោង​ ៨និង៣០​ នាទីព្រឹក​ ថ្ងៃ​អង្គារ​ ១៤កេីត​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹងថ្ងៃទី១៩ ខែមីនា​ ឆ្នាំ​២០១៩​ បានចុះ​សួរ​សុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្ស​ធម៌ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០គ្រួសារ​​​ ដែលរងគ្រោះ​អគ្គីភ័យ​ ឆាបឆេះ​ កាលពី​ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៤:​ ៣០​ នាទី​​រសៀល​ ឆាបឆេះ​អស់​៤៨​ ខ្នង​ផ្ទះ​ ស្មេីនឹង​ ៥០គ្រួសារ​​​ ស្ថិត​ក្រុម៩​ ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។ ​

ជាមួយគ្នានោះដែរ​ លោកជំទាវ​ ម៉ែន​ នារី​សុភ័គ​ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហម​កម្ពុជា​​ បាន​ពាំនាំ​ការផ្តាំ​ផ្ញើរ​ពី​សំណាក់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ ទាំង​មូល​អោយមានការប្រុងប្រយ័ត្នខ្ពស់​អំពី​បញ្ហា​អគ្គីភ័យ​ ដោយសារ​តែ​ចូល​មកដល់ខែមីនា​ នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ ហើយ​វាងាយ​នឹងប្រឈមនូវអគ្គីភ័យ​កេីតឡេីងដោយប្រការណាមួយ​ ប្រសិន​បើ​ បងប្អូន​ប្រជាពលរដ្ឋ​ មិនបាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទេនោះ​ ។

គួរបញ្ជាក់ថា លោក​ជំទាវ​ ម៉ែន​ នារីសុភ័គ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហម​កម្ពុជា​ បាននាំយកអំណោយមនុស្សធម៌របស់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០គ្រួសារ​​​ រួម​មាន​:-អង្ករ​ ១បាវ​ ៣០គីឡូ​ ,​ មី​ ១កេស​ ,​ ត្រីខ​ ១០កំប៉ុង​​,​ តង់​ ១​ ,​ ឃីត​ ២កញ្ចប់​​ ,​ រួម​ទាំង​ថវិកា​ ក្នុង១គ្រួសារ​ ចំនួន​ ១០០,០០០​ រៀល​ផង​ដែរ​៕ស តារា


ចែករំលែក៖