ខេត្តកំពង់ស្ពឺ ៖ លោក អុឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួចបានរង បណ្តឹងចោទប្រកាន់ថាបានសុីដាច់លុយជាច្រើនលានរៀលព្រមទាំងគ្រឿងអលង្ការជាច្រើនតម្លឹងពីស្ត្រី២នាក់មីងក្មួយ។ ពាក្យបណ្តឹងនេះត្រូវបានប្រជាពលរដ្ឋប្តឹងចូលទៅសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ ទោសរំលោភលំនៅឋានចាប់ឃុំឃាំងបង្ខាំងដោយខុសច្បាប់និងបទគំរាមកំហែង)។
ការប្តឹងនេះធ្វើឡើងបន្ទាប់ពីអធិការរង រូបនោះបានចុះបង្ក្រាបគ្រឿងញៀននៅផ្ទះបុកប៊ីយ៉ាមួយកន្លែងតែរកមិនឃើញមានថ្នាំញៀននោះទេនៅរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ថ្មីៗនេះ ។
បើតាមប្រភពបានបង្ហើបថា បន្ទាប់ពី ម្ចាស់បានដាក់ពាក្យបណ្តឹងចូលទៅសម្តេចក្រឡាហោម ស ខេង រួចមកក្រុមការងារ អធិការកិច្ចក្រសួងមហាផ្ទៃបានចុះមកបើកការស្រាវជ្រាវនិងសុុើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតរហូតទទួលបានលទ្ធផលដោយមិននឹកស្មានដល់ដែលអធិការរងរូបនោះបានឆ្លើយសារភាពពីទង្វើរបស់ខ្កួននិងបក្ខពួកថាពិតជាបានយកលុយមកចែកគ្នាចាយនៅថ្នាក់ស្រុកអស់មួយចំនួននិងឲ្យទៅមេៗអស់ហើយ ។
ការសើុបអង្កេតនេះទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅហើយអ្វីៗត្រូវបានលាតត្រដាងការណ៍ពិតបន្ទាប់ពីអធិការ រងគឺលោក អុឹង ឡាយឆាយ បានឆ្លើយ សារភាព ទោសកំហុសរបស់ខ្លួនចំពោះ មុខក្រុមអធិការកិច្ច ហើយសុខចិត្តប្រគល់ លុយនិងមាសទៅឲ្យម្ចាស់បណ្តឹងវិញទៀតផង ។
យោងតាមឯកសារដែលអ្នកយកព័ត៌មានយើងទទួលបានគឺដើមបណ្តឹងមានឈ្មោះ ហេង ឈៀង ភេទស្រី អាយុ៣៦ ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ០៣០៥២៨៨១២ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ និងឈ្មោះ សៀវ ហៀង ភេទស្រី កើតឆ្នាំ ១៩៨៤ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងពាក្យ បណ្តឹងបានរៀបរាប់ថា”យោងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បណ្ណអនុញ្ញាតអាជីវកម្ម ស្នូកឃ័រលេខ១៣៩មទខ/កស្ពចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ របស់មន្ទីរទេស ចរណ៍ខេត្ត និងលិខិតផ្តល់សិទ្ខិតំណាង ចែកចាយឆ្នោត KPW lotory”។
ក្នុងលិខិតរៀបរាប់ទៀតថា “កាលពីថ្ងៃអាទិត្យទី២៨តុលា២០១៨ពេលដែលខ្លួនកំពុងនៅយកលុយពីស្នូកឃ័រលោកស្រាប់តែនគរបាលឈ្មោះអុឹងឡាយឆាយនិងបក្ខពួកស្លៀកពាក់សុីវិលបានចុះមកលំនៅឋានកន្លែងប្រកបអាជីវកម្មស្រ្តីខាងលើស្ថិតនៅភូមិទី៤ឃុំត្រែងត្រយឹងដោយគ្មានដីកាឬលិខិតអនុញ្ញាតឲ្យចុះឆែកឆេរពីអាជ្ញាធរណាមួយឡើយ។នៅពេលកំពុងឆែកឆេរនោះលោកអុឹងឡាយឆាយបានចាប់យក ទូរស័ព្ទដៃរបស់ខ្លួន(ម្ចាស់បណ្តឹង)ព្រោះខ្លាចគាត់ថតសកម្មភាពរបស់ពួកគេ ។
មិនតែប៉ុណ្ណោះលោកអុឹង ឡាយឆាយ និងបក្ខពួកបានរើកកាយនិងរឹបអូសយក ទ្រព្យសម្បត្តិរបស់ខ្លួនដូចជាលុយនៅក្នុងទូដែកនិងលុយនៅក្រៅទូដែកមានកុយ ក្នុងថង់ខ្មៅ២ថង់(លុយតុងទីន)សរុបស្មើនឹងទឹកប្រាក់២៩.៩៩២.៥០០រៀល និង ១០០ដុល្លារគ្រឿងអលង្ការក្នុងទូដែកមានខ្សែកមាស១ខ្សែខ្សែដៃមាស១ខែ្ស (សរុប ៤តម្លឹង)និងគ្រឿងប្លាទីនមានដូចជាខ្សែក ចំនួន៣ខ្សែ ចិញ្ចៀន៤វង់ ខ្សែដៃ១ខ្សែ បន្តោង១ ទូឆ្នោតស្មើនឹងទឹកប្រាក់១.០០០ដុល្លារ ទូរស័ព្ទសាំស៑ុង១ និងអាហ្វូន៦ ផ្លឹស១ ។
ក្រោយពីដកហូតគាត់បានទាមទារថតកំណត់ហេតុនេះទុកដើម្បីចង់ដឹងពីកំណត់ហេតុនោះតែឈ្មោះ អុឹង ឡាយឆាយ និង បក្ខពួកមានបំណងទុច្ចរិតមិនយល់ព្រមឲ្យថតនោះទេ មិនតែប៉ុណ្ណោះពួកគេបាន ឃាត់ពួកខ្លួនទាំង២នាក់និងបាន ចោទ ប្រកាន់ដោយសំអាងថាគាត់បានផ្តល់ជម្រកឲ្យគេប្រើប្រាស់គ្រឿងញៀនស្របពេលដែល ពួកគេមិនបានរកឃើញភស្តុតាងណាមួយបញ្ជាក់អំពីការចោទប្រកាន់ខាងលើឡើយ។
ក្នុងពេលនោះផងដែរបក្ខពួករបស់ឈ្មោះអុឹង ឡាយឆាយ បានពិនិត្យទឹកនោម របស់ពួកគាត់ទៀតតែលទ្ធផលបានបញ្ជាក់ថាពុំមានសារធាតុញៀនក្នុងទឹកនោមនោះឡើយ ។
បន្ទាប់មកនៅថ្ងៃ២៨ ខែតុលាដដែល ឈ្មោះអុឹង ឡាយឆាយ និងបក្ខពួក៤នាក់បាននាំខ្លួនម្នាក់ក្នុងចំណោម២នាក់(ហេងឈៀង)ត្រឡប់ទៅលំនៅឋាននិងទីតាំងអាជីវកម្មរបស់ខ្លួនជាលើកទី២ហើយបានដកហូតយកទ្រព្យសម្បត្តិរបស់ខ្លួនបន្ដថែមទៀតដូចជាលុយក្នុុងកាបូប២លានរៀលនិង៦០០ដុល្លារ។ក្រោយមកក៏នាំខ្លួន ត្រឡប់មកវិញ ហើយពួកគេនៅតែបន្ត ឃាត់ខ្លួនអស់រយៈពេលជិត៤០ម៉ោង គិតចាប់ពីរសៀលថ្ងៃទី២៨តុលាដល់យប់ថ្ងៃទី២៩ទើបដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ។
អ្វីដែលជាការហួសចិត្តនឹកស្មានមិន ដល់ក្នុងចំណោមគ្រឿងអលង្ការប្លាទីន ទូរស័ព្ទសាំស៑ុងបានត្រឡប់មកវិញចំណែកទូរស័ព្ទអាយហ្វូន៦ផ្លឹសបាត់ចំណែកគ្រឿងមាសត្រូវបានពួកគេដូរមកជារបស់ក្លែងក្លាយសុទ្ធសាធ។ រីឯប្រាក់ដែលពួកគេដកហូតយកក៏មិនបានប្រគល់មកឲ្យវិញដែរ។ ស្របពេលនោះមានបក្ខពួករបស់ អុឹង ឡាយឆាយ បានមកសម្លុតពួកខ្លួនថាបើសិនជាគាត់ហ៑ានប្តឹងទាមទារប្រាក់ពីពួកគេ ពួកគេនឹងបញ្ជូនរឿងទៅតុលាការភ្លាម ។
ចំណែកប្រាក់ដែលគេដកហូតយកពីការឆែកឆេរនោះបក្ខពួករបស់គេនឹងយកទៅចែកគ្នាជាថ្នូរនឹងការដោះលែងឲ្យពួក ខ្លួនបានត្រឡប់ទៅផ្ទះវិញ ។
ដោយមើលឃើញពីអំពើចេតនាទុច្ចរិតរបស់ឈ្មោះអុឹងឡាយឆាយនិងបក្ខពួកក្នុងការប្រើប្រាស់តួនាទីរបស់ខ្លួនប្រឌិតរឿងឡើងដើម្បីគំរាមកំហែងនិងលេបយក ប្រាក់របស់ខ្លួនទើបគាត់សម្រេចចិត្តប្តឹងទៅសម្តេចក្រឡាហោមពីបុគ្គល អុឹង ឡាយឆាយ តែម្តង។ ក្នុងការប្តឹងនេះគឺ ខ្លួនទាមទារយកប្រាក់និងទ្រព្យសម្បត្តិ ទាំងអស់ត្រឡប់មកវិញស្មើនឹងចំនួនទឹកប្រាក់៣១.៩២២.៥០០រៀលនិង៦០០ ដុល្លារព្រមទាំងទារសំណងគ្រឿងអលង្ការខ្សែកមាស១ខ្សែ ខ្សែដៃមាស១ខ្សែចំនួន ៤តម្លឹង ទូរស័ព្ទអាហ្វូន៦ផ្លឹសរួមទាំងសំណង ជំងឺចិត្តនិងសេវាមេធាវិទៀតផង ។
ក្នុងនេះផងដែរក៏បានសំណូមពរដល់សម្តេចក្រឡាហោមមេត្តាចាត់វិធានការ ចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ប្រភពបានបន្តឲ្យដឹងទៀតថាបន្ទាប់ពីដាក់ពាក្យបណ្តឹងរួចក្រុមការងារអធិការ កិច្ចក្រសួងមហាផ្ទៃទើបបញ្ចប់ការស៊ើប អង្កេតស្រាវជ្រាវកាលពីពេលកន្លងទៅថ្មីៗនេះគឺក្រោយពេលដែលលោក អុឹង ឡាយឆាយ បានឆ្លើយសារភាពកំហុស នៅចំពោះមុខក្រុមអធិការកិច្ចរួចមក ហើយសន្យាថានឹងប្រគល់លុយនិងមាសទៅឲ្យម្ចាស់បណ្តឹងនាពេលឆាប់ៗខាងមុខនេះ។តែពេលនេះលុយមួយចំនួនដែលគេចែកគ្នីគ្នាយកទៅដើរសុីចាយកំពុងប្រមូលយកមកវិញចំណែកមាសសុទ្ឋដែលគេប្តូរនោះរកមិនទាន់ឃើញថានៅក្នុងដៃនរណានៅឡើយទេ ។
មហាជនបានលើកឡើងថា បើចង់ដឹងថាតើមាសនោះនៅក្នុងដៃអ្នកណាសួរតែលោកអុឹងឡាយឆាយទៅច្បាស់ជាដឹងមិនខាន។ជាពិសេសទង្វើរបស់លោក អុឹង ឡាយឆាយនេះមិនគួរណាដាក់ត្រឹមវិន័យ រដ្ឋបាលនោះទេគួរតែលុបឈ្មោះចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដើម្បីធ្វើជា គំរូដល់មន្ត្រីដែលស្អាតស្អំជំនាន់ក្រោយ យកគំរូតាមផង ។
បើតាមប្រភពដែលស្និទ្ធបានបង្ហើបថា “ទោះបីជាលោកអុឹងឡាយឆាយយល់ព្រមសងលុយនិងមាសទៅឲ្យម្ចាស់បណ្តឹង (ជនរងគ្រោះ)វិញយ៉ាងណាក្តីក៏រឿងនេះជាសំណងរដ្ឋបវេណីតែប៉ុណ្ណោះ។ចំណែករឿងមួយទៀតគឺរឿងព្រហ្មទណ្ឌខាងអធិការកិច្ចត្រូវធ្វើរបាយការណ៍ដាក់ជូន សម្តេចក្រឡាហោម ស ខេង ដើម្បីបន្ត ដំណើរការនីតិវិធី ដែលអាចនិយាយបានថាទី១ត្រូវបញ្ឈរជើងទី២បកស័ក្តិទី៣ផ្ទេរភារកិច្ចទៅកន្លែងផ្សេងហើយបើសិនជា កំហុសនេះជារឿងដែលមិនអាចលើកលែងបានគឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ នគរបាលតែម្តង ។
ករណីនេះមានការលើកឡើងថានេះ ចំអ្នកហ៑ានប្តឹងតវ៉ាចុះបើប៉ះចំលើអ្នកដែលមិនហ៑ានប្តឹងតវ៉ា វាមិនខាតបង់មាសប្រាក់លុយកាក់អសាបង់ទទេទៅហើយ?ហើយ បើប៉ះលើរាស្ត្រតូចតាចទៀតតើពួកគាត់ កើតទុក្ខយ៉ាងណាទៅបើរងអំពើអយុត្តិធម៌បែបនេះ?
មហាជនក៏បានអរគុណដល់សម្តេច ក្រឡាហោមដែលបានចាត់មន្ត្រីស្អាតស្អំចុះមកស្រាវជ្រាវរកការណ៍ពិតនិងផ្តល់នូវភាពយុត្តិធម៌ជូនដល់ជនរងគ្រោះដែលមិនសង្ឃឹមថានឹងទទួលបាននូវភាពយុត្តិ ធម៌ត្រឡប់មកវិញនោះ។
ពាក់ព័ន្ធករណីនេះដែរក៏មានពាក្យចចាមអារ៉ាមថាឪក្មេកលោក អុឹង ឡាយឆាយ ដែលជាមន្ត្រីយោធាបានអួតក្តែងៗថាបើទោះជាខាងអធិការកិច្ចក្្រសួងចុះមកស្រាវជ្រាវក៏កូនប្រសារបស់គេគឺមិនអាចមាន រឿងបានដែរ ព្រោះគេបានទាក់ទងថ្នាក់ ដឹកនាំយោធាកំពូលឲ្យជួយអន្តរាគមន៍រួចហើយ។
ដោយឡែកលោក អុឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួចបាននិយាយឲ្យដឹងតាមទូរសព្ទ័ថានេះជារឿងកន្លងផុតតាំងពីឆ្នាំ២០១៨មកម្លេ៉ះជារឿងយល់ច្រឡំតែ ប៉ុណ្ណោះ រួចក៏បិទទូរស័ព្ទទៅ។ អ្នកយក ព័ត៌មានយើងក៏បានសុំការពន្យល់បកស្រាយពីលោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺដែរតែត្រូវលោកឆ្លើយតបថាមិនទាន់បានដឹងរឿងនេះទេ។
ដោយឡែកប្រភពដែលស្និទ្ធបានបង្ហើបថា ក្រុមអធិការកិច្ចទុកពេលឲ្យលោកស្នងការរង៣ថ្ងៃដើម្បីឲ្យលោកអុឹងឡាយឆាយប្រមូលលុយនិងរកមាសមកសងម្ចាស់គេ វិញ រួចហើយបិទសំណុំរឿងរដ្ឋប្បវេណី ហើយបន្តទៅបន្តនីតិវិធីព្រហ្មទណ្ឌនៅ ក្រសួងវិញម្តង៕ សេនាស័ក្តិ