ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្លំឯកសណ្ឋានប្រយុទ្ធ របស់នគរបាលជាតិ និងដាក់គ្រឿងញៀនពីមុខ ថតបង្ហោះហ្វេសបុក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួល ពីលោក កូយកាន់ យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងក្រុងសំរោង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខ រួចថតបង្ហោះនៅលើអាខោន ដែលមានឈ្មោះ ផុស ផុស ដោយបានសរសេរចំណងជើងថា «អញចង់ធ្វើអញ្ចឹងទើសក្បាលអាណា» ។

ជនសង្ស័យខាងលើ ឈ្មោះ ភឿ ផុស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោកឧត្តមសេនីយ៍ត្រីឡឹក សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះសមត្ថកិច្ចបានឆែករកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ១កញ្ចប់តូច សម្ភារ ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ៤គ្រឿង ឧបករណ៍ឆក់ត្រី១គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងទៀតថា បច្ចុប្បន្នជនល្មើស កំពុងសាកសួរ និងរៀបចំសំណុំរឿងតាមនីតិវិធី ៕ ប៉ែន នួន


ចែករំលែក៖