ភ្នំពេញ ៖ កន្លែងថ្មីមួយ សម្រាប់ការភ្ជាប់ទំនាក់ទំនង សម្រាប់ការប្រជុំ សម្រាប់ការសិក្សារៀនសូត្រ សម្រាប់ការបង្កើត និងបំផុសគំនិតថ្មីៗរបស់សហគ្រិន សម្រាប់អ្នកបង្កើតការច្នៃប្រឌិតថ្មីៗ និងអ្នកបង្កើតឲ្យមាការផ្លាស់ប្តូរ នៅកម្ពុជា បានបើកជាផ្លូវការ កាលពីថ្ងៃសុក្រនៅឯមជ្ឈមណ្ឌល Impact Hub Phnom Penh ។ Innovation Garage ដែលត្រូវបានគាំទ្រដោយផ្លាតហ្វមទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជា ផាយ ផេ (Pi Pay) នោះ នឹងក្លាយទៅជាផ្ទះសម្រាប់ Hub Entrepreneurs Club (ក្លិបសហគ្រិន) ហើយនិងក្លាយជាកន្លែងផ្លាស់ប្តូរបទពិសោធគ្នាមួយ ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍន៍ ការមានគំនិតច្នៃប្រឌិតថ្មីៗ និងដំណោះស្រាយផ្សេងៗ នៅព្រះរាជាណាចក្រកម្ពុជា ។
Innovation Garage នឹងផ្តល់ទីតាំមួយសម្រាប់ក្រុមការងារដ៏ឆ្លាតវៃ និងបុគ្គលមួយចំនួន ដែលបានចូលរួមក្នុងកម្មវិធីរបស់មជ្ឈមណ្ឌល Impact Hub Phnom Penh កាលពីពេលថ្មីៗនេះ ដូចជាកម្មវិធី SmartStart កម្មវិធី Urban Mobility Incubator និងកម្មវិធី Toyota Impact Challenge ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅលើដំណោះសាយសង្គម និងបរិស្ថាន ។
អ្នកស្រី Olivia Hough ប្រធានចាត់ការទូទៅ បានពន្យល់ថា ការស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតផ្សេងៗ ដែលធានាឲ្យបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាព និងជម្នះរាល់បញ្ហាប្រឈមផ្សេងៗរបស់សង្គម និងបរិស្ថាន នឹងបន្តដើរតួនាទីដ៏សំខាន់មួយក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។ ការផ្តល់កន្លែងសម្រាប់ការបង្កើតគំនិតថ្មីៗ ការចែករំលែកមតិយោបល់គ្នា និងជជែកពីមូលដ្ឋាននៃបញ្ហាប្រឈមមុខផ្សេងៗ ក៏ដូចជាការប្រមូលអ្នកបង្កើតគំនិតថ្មីៗឲ្យស្ថិតនៅជាមួយគ្នា ដើម្បីបង្កើតគម្រោងប្រកបដោយឥទ្ធិពល និងពេញលក្ខណៈ បានក្លាយជាគោលបំណងមួយជាយូរមកហើយសម្រាប់មជ្ឈមណ្ឌល Impact Hub ។
អ្នកស្រីបានឲ្យដឹងថា៖ «ទីនេះនឹងក្លាយជាកន្លែងដែលយើងអាចប្រើប្រាស់កម្មវិធីដុសខាត់គំនិតអាជីវកម្ម ដែលជាវគ្គបណ្តុះបណ្តាលដ៏ពិសេសជាមួយនឹងអ្នកជំនាញរបស់យើងមកពីក្លិប Hub Entrepreneurs និងជាកន្លែងដែលសហគ្រិនអាចរៀបចំព្រឹត្តិការណ៍របស់ខ្លួនដោយខ្លួនឯងបាន ជួបជាមួយនឹងអ្នកផ្តល់ប្រឹក្សាផ្សេង និងក្រុមការងាររបស់ខ្លួន ក៏ដូចជាបំផុសគំនិត និងដាក់ផែនការផ្សេងៗសម្រាប់ដំណើរអាជីវកម្មប្រកបដោយឥទ្ធិពលក្នុងជំហានបន្ទាប់របស់ពួកគេ ។ ចាប់ពីពេលនេះទៅ យើងក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ រៀបចំសិក្ខាសាលានានា និងការធ្វើបទបង្ហាញផ្សេងៗ និងកម្មវិធីជាច្រើនផ្សេងទៀត ។ យើងពិតជារំភើបណាស់ និងពិតជាអន្ទះសារក្នុងការជួបមនុស្សជាច្រើន» ។
លោកថូម៉ាស ផូកូនី (Tomas Pokorny) អគ្គនាយកក្រុមហ៊ុន ផាយ ផេ បានកត់សម្គាល់ថា ស្របពេលដែលក្រុមហ៊ុន ផាយ ផេ បន្តបង្កើតការច្នៃប្រឌិតថ្មីៗ និងលើកស្ទួយវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងការទូទាត់ដោយមិនប្រើក្រដាសប្រាក់ នៅកម្ពុជា ការរកឃើញដំណោះស្រាយមួយ ដើម្បីគាំទ្រការបង្កើតគំនិតដ៏អស្ចារ្យនៅពេលបន្ទាប់ ប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព គឺជាដំណើរវិឌ្ឍជាធម្មជាតិមួយនៃយុទ្ធសាស្ត្រលើការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននេះ ។
លោកបានបញ្ជាកថា៖ «យើងយល់ច្បាស់ពីតម្លៃនៃការជួយធ្វើឲ្យគំនិតថ្មីៗមានការរីកចម្រើន និងអភិវឌ្ឍ ពោលគឺគ្រាន់តែសម្លឹងមកកាន់យើងប៉ុណ្ណោះ! ហេតុនេះ គ្រាន់តែបន្ថែមលើការងាររបស់យើងក្នុងគាំទ្រអាជីវកម្មគ្រប់គ្រងដោយស្ត្រី វាគឺជាការសម្រេចចិត្តដោយងាយក្នុងការចាប់ផ្តើមធ្វើការជាមួយនឹងជម្ឈមណ្ឌល Impact Hub ដើម្បីធានាឲ្យបានថា អ្នកជំនាញបង្កើតិតថ្មីៗដ៏ល្អ និងត្រចះត្រចង់បំផុតមួយចំនួនរបស់កម្ពុជា មានកន្លែងមួយសម្រាប់ពួកគេដោយផ្ទាល់ ។
យើងសម្លឹងឆ្ពោះទៅកាន់ការរង់ចាំមើលលើអ្វីដែលកើតឡើងនៅទីនេះ ហើយការជះឥទ្ធិពលជាវិជ្ជមាននេះ នឹងមានក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុនអាជីវកម្មទើបចាប់ផ្តើមថ្មីរបស់កម្ពុជា» ។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ថ្មីនេះ បានរៀបចំឲ្យមានការពិភាក្សាគ្នាមួយជាមួយនឹងលោកឯម ចាន់រិទ្ធីកុល ស្ថាបនិកក្រុមហ៊ុន Doy Doy និងលោកសៀង សុខចេង សហស្ថាបនិកក្រុមហ៊ន Wapatoa ទៅលើភាពជាសហគ្រិនវ័យក្មេង នៅកម្ពុជា ។ ស្ថាបនិកទាំង២ បានជជែកគ្នាទៅលើសារសំខាន់នៃការគាំទ្រប្រជាពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជួយឲ្យពួកគាត់ឈានដល់សក្តានុពលរបស់ខ្លួន៕ វឌ្ឍនា