ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស្រាទៅឆក់ត្រី ឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវអ្នកជិតខាងទៅដោះសម្រាស់ ប្រទះឃើញអណ្តែតទឹក​ ខណៈដែលបុរសរងគ្រោះទៅឆក់ត្រី​ ឆក់ខ្លួនឯងស្លាប់​ ពេលផឹកស្រារួចជិះទូកទៅឆក់ត្រី ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍​ ១៤​ កើត​ ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១៨ ខែមេសា ​ឆ្នាំ២០១៩​ វេលាម៉ោង​ ៧និង០០​ នាទី​ ចំណុចបឹងកិច្ច​ ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះ​ ០១​ នាក់ឈ្មោះ​ អឿន ចាន់ថន ហៅ ម៉ាប់ ភេទប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មករ​រោងចក្រ​ មានទីលំនៅភូមិ​ ព្រែកល្វា ឃុំ​ ព្រែកតាកូវ ស្រុក​ ខ្សាច់កណ្តាល ខេត្តក​ណ្តាល​ ។ ប្រពន្ធឈ្មោះ ម៉ាឡៃ អាយុ​ ២៥​ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន​ ០២​ នាក់​ ។

វត្ថុតាងចាប់យក​ ៖អាគុយចំនួន​ ០១​ គ្រាប់​ កម្លាំង​ ៤០​ អំពែដុំឆក់ចំនួន​ ០១​ ដងឆក់ធ្វើពីឬស្សី​ ចំនួន​ ០១​

សាក្សីបានអោយដឹងថា នៅថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ២០១៩​ វេលា​ម៉ោង ២១និង០០នាទីជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាង​ ។ រហូតដល់វេលាម៉ោង​ ២​និង០០​ នាទី​ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨​​ ខែមេសា ឆ្នាំ២០១៩​ ជនរងគ្រោះបានទៅយកឧបករណ៍ឆក់ត្រីពីក្នុងផ្ទះរបស់ខ្លួន​ ហើយ​ជិះទូកតែម្នាក់ឯងឆ្ពោះទៅឆក់ត្រី​ នៅបឹងកិច្ច​ ។ ដល់វេ​លាម៉ោង​ ៧និង០០​នាទី​ព្រឹក​ ថ្ងៃ​ដដែល​ឈ្មោះ ហម​ ថា​ ភេ​ទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ រួម​នឹង​ឈ្មោះអយ​ អឿន​ ឈ្មោះ​ កាន​ គីម​ បាននាំគ្នាទៅហ៊ុំសម្រាស់​ នៅបឹងកិច្ច​នោះដែរ​ ។ ពេល​ទៅ​ដល់​បឹង​ ឃើញ​ អាគុយ​ដុំឆក់​ នៅលើទូក​ និង​ឃើញដងឆក់អណ្តែតក្នុងទឹក​ ពេល​នោះឈ្មោះ ​ហម​ ថា​ បានទៅមើលហើយឃើញឈ្មោះ អឿន​ ចាន់ថន​ ស្លាប់នៅក្នុងទឹកដៃកាន់ដងឆក់​ជាប់ ពេល​នោះឈ្មោះ ​ហម​ ថា​ បានប្រាប់បងប្អូនរបស់ជនរងគ្រោះ​ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ​ ហើយក្រុមគ្រួសារបានស្រង់សាកសពជនរងគ្រោះយកមកផ្ទះ​ ។

​បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​តាកូវ​ ក្រុម​ប្រឹក្សា​ឃុំ​ មេភូមិ​ គ្រូ​ពេទ្យ​ និង​ក្រុម​គ្រួសារ​សព​ ពិនិត្យ​សាកសព​ដោយហ្មត់ចត់​ ឃើញមានស្លាកស្នាម​ ស្លោក​នៅម្រាមដៃឆ្វេង​ ក្រៅពី​នេះ​ ពុំមាន​ស្លាក​ស្នាម​អ្វីគួរឲ្យកត់សម្គាល់ឡើយ​ និង​បាន​ប្រគល់​សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ​៕​ ឆ ដា


ចែករំលែក៖