ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋចំនួនបីគ្រួសារ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យមកថា លោក តាញ់ បុត្តា ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យបានឃុបឃិតជាមួយនឹងជំនាញសុរិយោដី លួចបំពេញឯកសារធ្វើប័ណ្ណកម្មសិទ្ធិ យកស្រែចំការរបស់ពួកគាត់ ចំនួន៩ហិកតាស្ថិតនៅភូមិរំចេក ឃុំ-ស្រុកអន្លង់វែង ។
ប្រជាពលរដ្ឋបីគ្រួសារ ដែលត្រូវបានអ្នកមានអំណាច នៅខេត្តឧត្ដរមានជ័យរំលោភយក ទី១៖ យ៉ែម ហ៊ុន ភេទប្រុស អាយុ៦២ ឆ្នាំ ទី២៖រឿម ឆក ទី៣៖ គឿន យីហ៊ី ។ ប្រជាពលរដ្ឋខាងលើបានលើកឡើងថា ដីរបស់ពួកគាត់បានអាស្រ័យផលកាន់កាប់ និងចិញ្ចឹមជីវិតចាប់តាំងពី ឆ្នាំ២០០៤មកម្ល៉េះ ដែលលោកឡេវ សែត អតីត ប្រធានសហគមន៍ សាមគ្គីសង្គ្រោះព្រៃឈើ និងជាមេភូមិរំចេក បច្ចុបន្នជាអ្នកចែកឲ្យពួកគាត់ ដែលជាគ្រួសារក្រីក្រ មិនមានដីស្រែចំការ សម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ។
ប្រភពបន្តថា នៅក្នុងអំឡុង ឆ្នាំ២០១៣ ដែលចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ធិដោយក្រុមយុវជនស្មគ្រ័ចិត្ត ពួកគាត់ក៏បានស្នើឲ្យមន្រ្ដីជំនាញវាស់វែង ចុះបញ្ជីផងដែរ តែគេមិនបានចុះបញ្ជីឲ្យ ។
ស្រាប់តែកន្លងទៅថ្មីៗនេះ បានលេចមុខវត្តមាន ឈ្មោះ តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិម្មខេត្តឧត្ដរមានជ័យ បានទៅអះអាងថា ជាដីរបស់គេ ដែលមានបណ្ណ័កម្មសិទ្ធិស្របច្បាប់ទៀតផង ។
លោកតាញ់ បុត្តា បានឲ្យដឹងថា ដីរបស់លោក គឺខាងយុរិយោដី ជាអ្នករៀបចំ និងធ្វើបណ្ណ័កម្មសិទ្ធិឲ្យរូបលោក ដោយសំអាងដីនោះ គ្មានអ្នកណាកាន់កាប់ ៕ ប៉ែន នួន