គេរាយការណ៍ថា លោក ប៉ាង សុធារិទ្ធ ហៅតួ ជាអ្នកបើករថយន្តឲ្យលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលមិនមានក្របខ័ណ្ឌជាមន្ត្រីនគរបាល មានអំណាចធំជាងអាជ្ញាធរមានសមត្ថកិច្ចដទៃ ក្នុងការបង្ក្រាបបទល្មើស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ក្រៅពីនោះ គឺលោក ក៏ជាអ្នកកាងរថយន្តដឹកជ្រូកមកពីប្រទេសថៃ, មាន់, គោ… ។ មន្ត្រីជំនាញដែលមានបំណងបង្ក្រាបបទល្មើសដូចជាជ្រូក, មាន់, ទា សុទ្ធតែត្រូវឆ្លងការអនុញ្ញាតពីលោក ប៉ាង សុធារិទ្ធ ហៅ តួ នេះទាំងអស់ ។ អ្វីដែលញាំងឲ្យលោក ប៉ាង សុធារិទ្ធ កាន់តែមានអំណាចខ្លាំង គឺឥទ្ធិពលជាអ្នកបើករថយន្តជូនលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដូច្នេះ សូម្បីតែមន្ត្រីនគរបាលជំនាញ ក៏ញញើតនឹងលោក ប៉ាង សុធារិទ្ធ ដែរ ។
ថ្មីៗនេះមានករណីចាប់ឈើហើយយកទៅដាក់នៅផ្ទះលោកស្នងការ ដែលករណីនេះ ញាំងឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងចំណោមមន្ត្រីនគរបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ ប៉ុន្តែលោកប៉ាង សុធារិទ្ធ អះអាងថា ឈើនោះត្រូវយកទៅធ្វើផ្ទះលោកស្នងការ ។ ឈ្មួញរកស៊ីឈើ ដែលត្រូវឆ្លងកាត់ខេត្តកំពង់ធំ ដូចជាចេញពីខេត្តសៀមរាប ឬខេត្តព្រះវិហារ ត្រូវតែឆ្លងការយល់ព្រមពីលោក ប៉ា សុធារិទ្ធ ជាមុនសិន ។ ពួកឈ្មួញរកស៊ីឈើនៅខេត្តព្រះវិហារ ក៏ដូចជាខេត្តសៀមរាប ដែលត្រូវដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ សុទ្ធតែត្រូវការទាក់ទងលោកប៉ាង សុធារិទ្ធ ជាមុនសិន មុនចេញដំណើរ ។ បើមិនដូច្នោះទេ នឹងត្រូវលោកប៉ាង សុធារិទ្ធ បញ្ជាឲ្យសមត្ថកិច្ចចាប់ឈើយកខ្ទេចខ្ទីមិនខានឡើយ ។ រឿងបែបនេះធ្លាប់កើតមានហើយ ។
ក្រុមន្ត្រីជំនាញផ្នែកសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំមិនត្រូវបានអនុញ្ញាតឲ្យចេញធ្វើការងារដើម្បីបង្ក្រាបបទល្មើសនោះឡើយ ។ មានតែលោកប៉ាង សុធារិទ្ធ ហៅ តួ ដែលជាអ្នកបើកបររថយន្តឲ្យលោកស្នងការនគរបាលខេត្តកំពង់ធំប៉ុណ្ណោះ ដែលមានអំណាចក្នុងការបង្ក្រាប និងបញ្ជា ។ អ្វីដែលពិសេស គឺលោកប៉ាង សុធារិទ្ធ ត្រូវគេរាយការណ៍ថា គ្រាន់តែជាជនស៊ីវិល ដែលមានភារកិច្ចជាអ្នកបើកបររថយន្តជូនលោកស្នងការនគរបាលខេត្តកំពង់ធំតែប៉ុណ្ណោះ ។ រឿងរ៉ាវអំណាចធំជាងមេឃ របស់លោក តួធ្វើឲ្យមន្ត្រីនគរបាលមានសមត្ថកិច្ចនានា(នគរបាលសេដ្ឋកិច្ច) នៅក្នុងខេត្តកំពង់ធំមានប្រតិកម្ម ហើយអាចនឹងផ្ទុះរឿង ប្រសិនបើលោកស្នងការនៅតែបណ្តែតបណ្តោយឲ្យជនក្រៅអំណាច ក្រៅច្បាប់ ធ្វើអ្វីៗស្រេចតែនឹងចិត្តតទៅទៀតនោះ ៕