ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញប្រើពេល២យប់​ចាប់បង្ហើយត្រីនៅអតីតឡូត៍អភិរក្សលេខ៦

ចែករំលែក៖

បន្ទាប់ពីខ្សឹបខ្សៀវត្រូវរ៉ូវគ្នា​ថា នឹងប្រមូលផលនេសាទបង្ហើយ នៅអតីតឡូត៍អភិរក្សលេខ៦ ដែលរៀបចំផែនការតាំងពីសប្តាហ៍មុននោះ ឥឡូវនេះ ផែនការនោះត្រូវគេខ្សឹបខ្សៀវថាបានសម្រេចទាំងស្រុង​ កាលពីយប់ ថ្ងៃទី២៤ និង២៥ ខែមេសា កន្លងទៅនេះ ដោយប្រើកម្លាំងពលកម្មតែ៤នាក់ប៉ុណ្ណោះ ។ នៅពេលដែលផែនការត្រូវបានបញ្ចប់ទើបព័ត៌មានស្តីពីការប្រមូលផលនេសាទ ត្រូវបានបែកធ្លាយ​តាមរោងកាហ្វេនានា ក្នុងខេត្តពោធិ៍សាត់ ។ យ៉ាងណាក៏ដោយ ពួកឈ្មួញបានសម្រេចគោលដៅរបស់ខ្លួន ហើយបាន​ប្រមូលត្រីក្នុងអតីតឡូត៍អភិរក្សលេខ៦គ្មានសល់នោះទេ ។

បើតាមសេចក្តីរាយការណ៍បានខ្សឹបខ្សៀវនៅតាមហាងកាហ្វេនានាក្នុងខេត្តពោធិ៍សាត់ថា អតីត​ឡូត៍អភិរក្សលេខ៦ ស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សម្បូរត្រីខ្លាំងណាស់ ។ ការនេសាទ​ប្រើរយៈពេលតែ១ម៉ោង​បានត្រីរាប់តោនឯណោះ ។ មន្ត្រីយាមកាមនៅទីនោះ ជាអ្នកបិទភ្នែកឲ្យមានបទល្មើសនេសាទ តាមរយៈបទបញ្ជារបស់ថ្នាក់លើ ។ គេចំណាយកម្លាំងពលកម្ម​អ្នកដែលមានជំនួន៤រូប​ឲ្យធ្វើការងារនេសាទរយៈពេល២យប់​ដើម្បីប្រមូលផលនេសាទ​នៅតំបន់​អតីតឡូត៍អភិរក្សលេខ៦ ។ សកម្មភាពនៃការប្រមូលផលនេសាទ​តាមរយៈអួន ហ៊ុម បានប្រព្រឹត្តទៅយ៉ាងស្ងាត់ស្ងៀម ពីព្រោះ​មានកម្លាំង​ពលកម្មគ្នាតិច ដូច្នេះ​មិនងាយបែកធ្លាយព័ត៌មាននោះឡើយ ។

ប្រភពបានបន្ថែមថា ស្ថាប័នជំនាញ​ទទួលបានកញ្ចប់ថវិកា​មិនតិចជាង១ពាន់ដុល្លារ ក្នុងមួយយប់ សម្រាប់មួយស្ថាប័ន ឬមួយអង្គភាព ក្នុងការអនុញ្ញាតឲ្យមានប្រតិបត្តិការប្រព្រឹត្តបទល្មើស​នេសាទរយៈពេល២យប់នៅតំបន់អតីតឡូត៍អភិរក្សលេខ៦ ។ នៅយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីជលផល​ខាងត្បូងបឹងទន្លេសាប​ចុះ​ល្បាត ក៏ប្រទះឃើញ​ការនេសាទល្មើសច្បាប់ ហើយក៏មានការសម្របសម្រួលជាកញ្ចប់ថវិកា​មួយចំនួន ទើបមន្ត្រីជលផលទាំងនោះដកខ្លួនចេញវិញ​ទាំងស្ងាត់ស្ងៀម ។ គេនិយាយថា វាជាផែនការប្រមូលត្រីបង្ហើយនៅក្នុង​ដែនទឹកបឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ។ គេថា អតីតឡូត៍អភិរក្សលេខ៦ ជាប្រភពត្រីដ៏ច្រើន​សន្ធឹកសន្ធាប់ ដែលក្នុងរយៈពេល២យប់នៃការប្រព្រឹត្តល្មើស គេអាចប្រមូលបានត្រីរាប់រយតោន ៕

 


ចែករំលែក៖