ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ក្របួចជនជាតិវៀតណាម៤នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យ៉ាងតិចមានមនុស្សប្រុសស្រីជាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ និងរក្សាទុកនូវគ្រាប់កែច្នៃជាច្រើនក្នុងផ្ទះ ក្នុងបទល្មើសជាក់ស្តែង។
អ្នកភូមិញុើន បានអោយដឹងថា៖ ពួកគាត់បានឃើញជនជាតិវៀតដែលមករស់នៅក្នុងភូមិញុើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង មួយក្រុមមានស្រី មានប្រុស ក្នុងលំនៅដ្ឋានជាប់មាត់ទន្លេសេសាន ហើយជាទម្លាប់ញឹកញាប់ បានចេញធ្វើសកម្មភាពបរបាញ់សត្វព្រៃនៅពេលយប់ តាមតំបន់ក្នុងព្រៃអភិរក្សហាមឃាត់ ។ ពួកគេបានប្រើប្រាស់ជាប្រភេទកាំភ្លើង យកទៅបាញ់សត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វក្ងោក ដែលជាសត្វដ៏កម្រ ត្រូវការពារនិងអភិរក្ស តែងមានការហាមឃាត់ពីសមត្ថកិច្ច អាជ្ញាធរ ជំនាញនោះ។
ប្រជាពលរដ្ឋក្នុងភូមិញុើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបន្តថា៖ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ពួកគាត់បានឃើញក្រុមជនជាតិវៀតណាមខាងលើ បានយកកាំភ្លើង ចេញទៅបរបាញ់សត្វ ហើយគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ទើបនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចខាងកម្លាំងកងរាជអាវុធហត្ថស្រុក សេសាន បានចុះមកឃើញសត្វព្រៃ និងកាំភ្លើង ជាមួយនិងគ្រាប់ប្រភេទកែច្នៃជាច្រើនគ្រាប់ ឈានដល់ឃាត់ខ្លួនមនុស្ស៤នាក់ភ្លាមៗ។
សមត្ថកិច្ចអាវុធហត្ថ ខេត្ត បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ថា៖ ពិតជាបានឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះមែន ក្រោយទទួលព័ត៍មានពីប្រជាពលរដ្ឋរាយការណ៍ជុំវិញបញ្ហានេះ ក៏ឃើញសត្វព្រៃប្រភេទទន្សាយគល់ និងកាំភ្លើង ជាមួយគ្រាប់ជាច្រើនដែលពួកគេបានរក្សាទុកនៅក្នុងផ្ទះ និងជាប្រភេទគ្រាប់កែច្នៃ អាចបាញ់ជះសាចជាអំបែងមានសារធាតុគីមី ប្រឈមនិងហានិភ័យគ្រោះថ្នាក់បំផុតដល់ប្រជាពលរដ្ឋ បើប៉ះពាល់ដោយគ្រាប់កែច្នៃនេះ (បើមនុស្សវិញអាចបំបែកសាកសព)។ សមត្ថកិច្ចបន្តថា៖ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបាននាំខ្លួនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ តាមនីតិវិធី ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖