ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះស្រាវជ្រាវ និងឃាត់ខ្លួនក្រោយពួកគេធ្វើសកម្មភាពដោយជិះម៉ូតូដេញកាប់យកម៉ូតូបានសម្រេច ។
បើតាមប្រភពព័ត៌មានពីលោកឈឿន គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា: ក្នុងកិច្ចចុះប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ ធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី០១ឈ្មោះ ភ័ណ្ឌ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ទី០២ឈ្មោះ ផាន់ សង្វារពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
លោកបញ្ជាក់ថាកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ម៉ោង១៣:០៥នាទី នៅចំណុចក្រុម០៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ មានករណីលួចមានស្ថានទម្ងន់ទោសមួយបានកើតឡើង បង្ករដោយជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ ដែលមិនស្គាល់ អត្តសញ្ញាណបានជិះម៉ូតូ០១គ្រឿង និងមានកាំបិត០២ដើមប្រភេទសាំម៉ូរ៉ៃ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ហុន កានឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច និងរត់ចោលម៉ូតូ ភ្លាមនោះជនសង្ស័យ ក៏បានយកម៉ូតូជិះរត់គេចខ្លួនបាត់តែម្តងទ ។
ក្រោយពីទទួលបានករណីនេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់នៅតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព របស់ប្រជាពលរដ្ឋដែលដាក់តាមផ្ទះ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនបានចំនួន០២នាក់តែម្តង ។
ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចជំនាញដកហូតបានម៉ូតូម៉ាកស៊ុយសូគីនិចចំនួន០២គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះចំនួន០១គ្រឿង និង កាំបិតដាវសាំម៉ូរ៉ៃចំនួន០២ដើមផងដែរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕ សសារ៉េត