ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបការជួញដូរគ្រឿងញៀន មួយករណី ដោយបានចាប់ខ្លួនជនសង្ស័យប្រុស-ស្រីពីរនាក់ និងដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៩ ត្រង់ចំណុច ផ្លូវបំបែកចូល ទឹកធ្លាក់ជ្រោះសុភមិត្ត ទៅឃុំព្រះរំកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចទើបបង្ហាញមុខជនសង្ស័យ និងហែកកញ្ចប់សំណាកថ្នាំញៀន រួចថ្លឹងនៅមុខជនសង្ស័យទាំងពីរនាក់ និងនៅចំពោះមុខលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។
នគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះសុំ សាង ជនជាតិខ្មែរ ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទី២-ឈ្មោះ មុត សៃ ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខែ្មរ រស់នៅឃុំ ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។
ចំណែកសារធាតុញៀនដែលរឹបអូសបាន មានទម្ងន់ ៩៩៤,៥ក្រាម ស្មើនឹងជិតមួយគីឡូក្រាម ជាប្រភេទថ្មាំ ម៉េតំហ្វេតាមីន អាយ ឬហៅថា (ម៉ាទឹកកក) ។
បច្ចុប្បន្ន ជនសង្ស័យវ័យចំណាស់ទាំងពីរនាក់ កំពុងស្ថិតក្រោមការឃុំខ្លូន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី៤ ខែឧសភានេះ ចាត់ការទៅតាមនីតិវិធី ៕ មាស សុផាត