ក្រោយអាមេរិកសម្រេចដំឡើងពន្ធនាំចូល ទំនិញពីចិនមានតម្លៃ សរុបជាង២០០ពាន់លានដុល្លារ នៅពេលនេះ ចិនក៏បានអនុម័ត ដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក ៥៤១០ ប្រភេទ មានតម្លៃសរុប៦០ពាន់លានដុល្លារអាមេរិក ។ សកម្មភាពខាងលើ នឹងធ្វើឲ្យ វិស័យពាណិជ្ជកម្មអាមេរិក ចិនធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងឆមាសទីពីរឆ្នាំ២០១៩នេះ ។
ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោក មិនតែប៉ុណ្ណោះចិន បានចំណាយប្រាក់វិនិយោគ និងជួយដល់ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានទាំងតំបន់អឺរ៉ុបផងដែរ ។ ដូច្នេះចិនមិនដែលខ្វល់ពីការដំឡើងពន្ធ ពីអាមេរិក នោះឡើយ បើមិនអាចនាំចូលអាមេរិក ចិនក៏អាចនាំចេញទៅកាន់ទីផ្សារផ្សេងទៀត ជុំវិញពិភពលោក ។
នៅពេលនេះដែរ ក្រោយអាមេរិកដំឡើងពន្ធ ២០០ពាន់លានដុល្លារលើទំនិញនាំចូលពីចិន ដែលចូលជាធរមាននៅថ្ងៃទី១០ ខែឧសភា ពេលនេះ ចិនបានឡើងគម្រោង តប់តអាមេរិកវិញ ។ ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសដំឡើងពន្ធ នាំចូលពីអាមេរិក ពី១០ភាគរយ, ២០% និង២៥% ដល់ទំនិញនាំចូលពីអាមេរិក ៥១០ប្រភេទ ។
ពន្ធថ្មីដែលចិនដំឡើងលើទំនិញអាមេរិក នឹងចូលជាធរមាននៅថ្ងៃទី១ ខែមិថុនា មានតម្លៃសរុប៦០ពាន់លានដុល្លារ ។ កាលពីថ្ងៃទី១៣ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ទីក្រុងប៉េកាំង និងមិន រាថយចំពោះ សម្ពាធសេដ្ឋកិច្ច ពីអាមេរិកនោះឡើយ ។ ដោយចិនតប់តវិញមិនឲ្យខ្វះមួយចំណុចណាឡើយ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដំឡើងពន្ធដាក់គ្នារវាងចិន នឹងអាមេរិក បានធ្វើឲ្យពលរដ្ឋទាំងពីរ ក្លាយជាជនរងគ្រោះ ដោយត្រូវចំណាយប្រាក់ជាច្រើន ក្នុងការទិញទំនិញ ដែលមានពន្ធថ្លៃ ។ បណ្តាក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិន ក៏ដូចជានៅអាមេរិក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយតម្លៃពលកម្មថ្លៃ ហើយពន្ធនាំចេញទៅកាន់ប្រទេសផ្សេងថ្លៃខ្ពស់ទៀតធ្វើឲ្យផលិតផលរបស់អាមេរិក ពិបាកប្រកួតប្រជែងនៅក្នុង ប្រទេសចិន ។
បើមើលពីស្ថានភាពពាណិជ្ជកម្មវិញ ពីខែមករាដល់ខែមេសា ឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន នឹងអាមេរិក បានធ្លាក់ចុះចំនួន ១១,២% ដែលក្នុងនោះ ទំហំនាំចេញរបស់ចិន ទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៤,៨% ទំហំនាំចូលពីសហរដ្ឋអាមេរិក ធ្លាក់ចុះ ២៦,៨% ។ ប្រការនេះ បានបង្ហាញឲ្យឃើញថា ផលិតផលរបស់អាមេរិក ដែលនាំចូលប្រទេសចិន អាចជំនួសដោយផលិតផលផ្សេងទៀត ។
ស្របពេលជាមួយគ្នានេះ គម្លាតរវាងទំហំនាំចេញច្រើនជាងការនាំចូល នៃប្រទេសចិន និងអាមេរិកបានពង្រីកដល់ ១០,៥% ដែលបានបង្ហាញថា ការដំឡើងពន្ធគយមិនអាចដោះស្រាយពីឫសគល់ នូវបញ្ហាអតុល្យភាពផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន នឹងអាមេរិកបាននោះទេ ថែមទាំងបានបន្ថែមការចំណាយដើមទុនកាន់តែច្រើន ទៅលើអ្នកប្រើប្រាស់របស់អាមេរិកទៀតផង ។
ដូច្នេះការដាក់សម្ពាធរបស់អាមេរិកគ្មានអ្វីគួរឲ្យភ័យខ្លាចនោះទេ ផ្ទុយទៅវិញសម្ពាធកាន់តែធំ ភាពធន់របស់ប្រទេសចិន ក៏កាន់តែខ្លាំង ។ ទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្ម ប្រទេសចិនបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួន តាំងពីដំបូងមកម្ល៉េះ គឺមិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម តែក៏មិនខ្លាចក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មដែរ ពោលគឺពេលចាំបាច់ត្រូវធ្វើសង្គ្រាមពាណិជ្ជកម្មដោយខានពុំបាន ។
ប្រឈមមុខនឹងវិធីទន់ និងរឹង របស់អាមេរិក ប្រទេសចិន ក៏បានឲ្យចម្លើយជាយូរមកហើយដែល ពោលគឺបើសិនចង់ធ្វើការចរចា នឹងបើកទ្វាររហូត តែប្រសិនបើចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម នឹងតបតជាមួយអាមេរិកដល់ទីចុងបំផុត ។ មិនថា ស្ថានការណ៍ក្រៅមានការប្រែប្រួលយ៉ាងណាក៏ដោយ និយាយចំពោះប្រទេសចិន ភាពសំខាន់ជាងគេ គឺធ្វើកិច្ចការផ្ទៃក្នុងរបស់ខ្លួនឲ្យបានល្អ ធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ ។ ជំហានក្រោយរបស់អាមេរិក មិនថា ធ្វើការចរចា ឬធ្វើសង្គ្រាមពាណិជ្ជកម្ម ឬប្រើវិធានការអ្វីផ្សេងទៀតក្តី ក៏ប្រទេសចិនបានធ្វើត្រៀមលក្ខណៈរួច ដើម្បីតទល់នឹងប្រការនេះ ។
ក្រោយពេលដែលចិនប្រកាសដំឡើងពន្ធតបតវិញ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា នឹងជួបពិភាក្សា ដោយផ្ទាល់ ជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង នៅខែមិថុនា ខាងមុខនេះ ខណៈជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២កាន់តែឡើងកម្ដៅ បន្ទាប់ពីចិនប្រកាសពីការដំឡើងពន្ធលើមុខទិញនាំចូលពីសហរដ្ឋអាមេរិកមានទំហំ៦០ពាន់លានដុល្លារ ។
ថ្លែងចេញពីសេតវិមានថ្មីៗនេះ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ « រឿងនេះអាចនឹងកើតឡើង…ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថា ខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ…ហើយខ្ញុំគិតថា វានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ រដ្ឋាភិបាលចិនបានប្រកាសថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពី សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ប្រទេសចិនមានទំហំជាង២០០ពាន់លានដុល្លារ ។
ម្យ៉ាងវិញទៀត បើតាមក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ស្របពេលផលិតផល សរុបប្រមាណ៥,៤១០មុខ របស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន ក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ ៕