ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ចិនដេញខ្មែរ ខ្មែរដេញខ្មោច !

ចែករំលែក៖

ពាក្យចាស់កាលជំនាន់ដើមពោលមិនសូវខុសមែន បើប្រៀបធៀបនឹង សម័យកាលនេះ ដូចជាថា ត្រចៀកទិព្វ ភ្នែកទិព្វ ឃើញជាក់ស្តែងគឺទូរស័ព្ទដៃប្រើប្រាស់រាល់ថ្ងៃនេះឯង ។ ចំណែកឯពាក្យថា«ចិន ដេញខ្មែរ ខ្មែរដេញខ្មោច»រឹតតែមិនខុសទៀត និងចាត់ទុកត្រូវដូច​គេ​ចាក់​អាប៉ោងចំភ្នែកមួយ ក្នុងចំណោមរន្ធទាំង៦អ៊ីចឹង ។

បានជានាយជាល ហ៊ានថាយ៉ាងដូច្នេះ ព្រោះស្រុកខ្មែរអីលូវកំពុងប្រកាប់ប្រចាក់គ្នាដណ្តើមដី កេរ ដីធម្មជាតិ ដីបឹងបួរ និងដីរបស់រដ្ឋអត់អៀនខ្មាស ព្រោះតម្លៃដីមិនថានៅទីក្រុងឬជនបទ​នោះទទេ ​កំពុងត្រូវប៉ាន់មានហាងឆេងខ្ពស់។ពួកគេ លែងស្គាល់បងប្អូនសាច់ឈាមគ្នា​ឯង​ទៅហើយ ទោះដឹង ថាដីនោះជាដីកប់ខ្មោចដូនតាក៏ដោយក៏ត្រូវតែទាមទារយកមកធ្វើជា​កម្ម​សិទ្ធិឲ្យបានដើម្បីទុកលក់ឲ្យចិនយកលុយ ។

នាយជាលមិនហ៊ានលើកឧទាហរណ៍ចំៗ ពីចិត្តលោភលន់របស់បុគ្គលមួយចំនួននៅស្រុកខ្មែរ ដែលកាប់ចាក់ដណ្តើមដីគ្នាលែងស្គាល់បងប្អូនសាច់ញាតិស្អីនោះទេ ប៉ុន្តែអ្វីដែលនាយជាល ចង់និយាយគឺរឿង ចិនដេញខ្មែរ ខ្មែរដេញខ្មាច ពោលបានន័យថា កន្លែងដែលធ្លាប់រស់នៅ​ប្រកបដោយផាសុកភាពរស់នៅយ៉ាងសុខសប្បាយសុខស្រួលនោះ ត្រូវបានអ្នកមានលុយ​ទិញយកអស់ ហើយ ឯអ្នកលក់បានលុយគិតតែដេកស៊ីចាយសប្បាយហ៊ឺហាអស់លុយ និង​គ្មានទីជម្រករស់​នៅ នាំគ្នាទៅគាស់ផ្នូរជីដូនជិតាចេញ ហើយយកកន្លែងផ្នូរ​នោះធ្វើខ្ទម​រស់​នៅម្តងធ្វើឲ្យខ្មោច​ជីដូនជិតាក្តៅក្រហាយដាក់ទំនាយឲ្យក្ររហេមរហាមអស់មួយជីវិត ។​នេះហើយគេហៅថា« ចិនដេញខ្មែរ ខ្មែរដេញខ្មោច» ។

នាយជាលមិនហ៊ាននិយាយឲ្យចំពីរឿង«ចិនដេញខ្មែរ ខ្មែរដេញខ្មោច» នោះទេ តែគ្រាន់តែ​ពញ្ញាក់​ស្មារតីខ្លះៗឲ្យសម្លឹងមើលសកម្មភាពដីធ្លីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែន​សុខដែលមានផ្នូរខ្មោចមួយនៅទីនោះ ត្រូវគេលក់បណ្តេញប៉ូលិស​ឲ្យទៅដេញខ្មោចរកកន្លែង ផ្សេងនៅបាត់ទៅហើយ ។ ដោយឡែកឧទាហរណ៍ជាក់ស្តែងជាងនេះទៀតនោះគឺនៅក្រុងព្រះ​សីហនុ​នាពេលសព្វថ្ងៃនេះតែម្តង គឺផ្ទះខ្មែរមួយចំនួនត្រូវចិនទិញយក ហើយចិនបណ្តេញខ្មែរ ឲ្យនៅទួលខ្មោចខ្លះៗហើយ ។ ត្រង់នេះហើយដែលនាយជាលគិតថា ពាក្យចាស់តំណាលថា «ចិន ដេញខ្មែរ ខ្មែរដេញខ្មោច» ពិតជាមិនខុសមែន ៕ នាយជាល


ចែករំលែក៖