ខេត្តបន្ទាយមានជ័យ៖ ធុងបាស់ប្លូ៊ធូ ត្រូវបានភាគីថៃដាក់នៅមាត់ច្រកតំបន់ ណងព្រឺជាប់នឹងព្រំដែនទឹកដីកម្ពុជាច្រក តំបន់ម៉ាឡៃ ក៏ដូចជាច្រកតំបន់នានា និង ច្រកអន្តរជាតិ ក្នុងខេត្តស្រះកែវបើកបំពងសំឡេងផ្សព្វផ្សាយសេចក្តីជូនដំណឹង ប្រកាសហាមនាំចូលជ្រូករស់ និងផលិត ផលពីសាច់ជ្រូកគ្រប់មុខពីកម្ពុជា ។ ផ្ទុយទៅវិញជ្រូករស់និងសាច់ជ្រូកថៃក្នុង ១ថ្ងៃៗនាំចូលកម្ពុជាតាមច្រកអន្តរជាតិ និងតំបន់រាប់រយក្បាលនិងទាំងតោនៗ។ នេះដោយសារតែអំពើពុករលួយរបស់ មន្រ្តីនៅតាមព្រំដែន និងអាជ្ញាធរពាក់ព័ន្ធ ខ្វះស្មារតីទទួលខុសត្រូវ។
ក្នុងសំឡេងផ្សព្វផ្សាយនោះអាជ្ញាធរ ថៃបានប្រកាសថា “បងប្អូនកម្ពុជាដែលធ្វើដំណើរចូលប្រទេសថៃ ហាមនាំចូលសាច់ ជ្រូកគ្រប់មុខដូចជា ណែមសាច់ក្រក ប្រហិតឬសាច់ប្រឡាក់ជាដាច់ខាត។ បើ ត្រួតពិនិត្យឃើញមានសាច់ហាមឃាត់ ខាងលើនឹងចាប់ដាក់គុកចំនួន២ឆ្នាំ និង ពិន័យជាប្រាក់មិនក្រោមពី២សែនបាត” ។
ក្នុងការប្រកាសនេះគឺគេសំអាងថា ដើម្បីជៀសវាងការឆ្លងមេរោគប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងសាច់ជ្រូក ដែលមានការ ឆ្លងមេរោគនៅកម្ពុជាពេលនេះមិនឲ្យមេ រោគនេះឆ្លងចូលទៅប្រទេសរបស់គេទេ។ សេចក្តីប្រកាសបន្តថា បើលោកអ្នកនាំ ផលិតផលទាំងអស់នោះទៅជាមួយត្រូវ យកទៅដាក់កន្លែងដែលសមត្ថកិច្ចរបស់គេត្រៀមទុកឲ្យ ។
ការប្រកាសរបស់អាជ្ញាធរថៃនេះមាន ពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែន សម្តែងប្រតិកម្មថាហាក់មិនស្មើភាពទាល់តែសោះ ព្រោះពួកគាត់ឃើញជ្រូក រស់និងសាច់ជ្រូក ឬគ្រឿងក្នុងជ្រូកត្រូវគេនាំចូលកម្ពុជាតាមច្រកអន្តរជាតិ និងច្រក តំបន់ក្នុងខេត្តបន្ទាយមានជ័យក្នុងមួយ ថ្ងៃៗរាប់រយក្បាលនិងទាំងតោនៗ ។
ប្រភពពីពលរដ្ឋនៅស្រុកម៉ាឡៃនិយាយថា តាំងពីភាគីថៃចេញប្រកាសខាងលើ ពលរដ្ឋកម្ពុជាមិនអាចនាំសាច់ជ្រូក ឬ ផលិតផលពីសាច់ជ្រូកចូលប្រទេសថៃទៅលក់នៅផ្សារណងព្រឺជាប់មាត់ច្រកតំបន់ម៉ាឡៃបានឡើយ សូម្បីយកទៅទទួលទាន ក៏ដោយ ។
សូម្បីតែសាច់ជ្រូកទិញពីទឹកដីថៃយកមកធ្វើសាច់ក្រកនៅដីខ្មែររួចយកទៅលក់ នៅលើដីថៃវិញក៏គេមិនអនុញ្ញាតដែរ។
ជុំវិញការនាំចូលជ្រូកពីថៃតាមច្រក តំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួនតើ ក្នុងមួយថ្ងៃៗមានប៉ុន្មានក្បាល?លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិត កម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេដោយ ទូរស័ព្ទចុចចូលជាច្រើនដងគ្មានអ្នក ទទួលសោះ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាស របស់ភាគីថៃដែលហាមនាំចូលជ្រូករស់ និងផលិតផលពីសាច់ជ្រូកនេះ យោងតាមការសាកសួរមន្ត្រីនិងសមត្ថកិច្ចជំនាញ ប្រាប់ថា កើតមានតាំងពីក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងថាមាននៅគ្រប់មាត់ច្រកតំបន់និងច្រកអន្តរជាតិក្នុងទឹកដីខេត្តស្រះកែវរបស់គេ ឬអាចតាមច្រកតំបន់ និងច្រកអន្តរជាតិខេត្តផ្សេងៗជាប់ព្រំដែន កម្ពុជាក៏ថាបាន ។ ប៉ុន្តែបើក្រឡេកមើល មកស្រុកខ្មែរយើងវិញ ដឹងថាជ្រូកនៅ ប្រទេសវៀតណាមមានកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកក្តី នៅតែនាំចូលក្នុងស្រុកប្រៀប ដូចអត់មានមន្ត្រីសមត្ថកិច្ចជួយឈឺឆ្អាល ដូចប្រទេសថៃឡើយប្រការនេះគួរឲ្យខ្មាសអៀនខ្លាំងណាស់ ។
បើទោះយ៉ាងណាក៏ដោយមន្ត្រីបសុព្យាបាលខ្លះនិយាយថា បើមិនអនុញ្ញាតឲ្យនាំ សាច់ជ្រូក ឬជ្រូករស់ពីប្រទេសជិតខាងទេនោះគឺប្រជាពលកម្ពុជាគ្មានសាច់ជ្រូក ទទួលទានឡើយ។ ដូច្នេះជាគុណសម្បតិ្តដែលមន្ត្រីបសុព្យាបាលអនុញ្ញាតឲ្យនាំ សាច់ជ្រូកនិងជ្រូករស់មកបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕ ហេង សូរិយា