ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានម្ចាស់ទូរស័ព្ឌ និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេស២នាក់ ដែលកំពុងឈរនិយាយទូរស័ព្ឌ បានសម្រេចហើយបើកម៉ូតូរត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងលឺប តាមបណ្ដោយផ្លូវ៥១ វិថី (ប៉ាស្ទ័រ) កែង និងផ្លូវ២៧៨ ស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើ រួមមាន ៖ ទី១ឈ្មោះ ជី ម៉ាប់ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងកន្លែងស្នាក់នៅក្នុង ភូមិជើងឯក សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកឆក់ជិៈពីក្រោយ ) ។ និងទី២ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ៣០ ឆ្នាំជាង ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុង សង្កាត់ផ្សារដើមថ្កូវ ជាអ្នកបើកម៉ូតូ ម៉ាក ឃ្លីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z.0122 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះជាជនជាតិស្វីសប្រុស២នាក់កំពង់ឈរនិយាយទូរស័ព្ឌ នៅលើកំណាត់ផ្លូវ៥១លុះក្រោយមក ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយ រួច ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីដៃជនរងគ្រោះបានសម្រេចហើយបើករត់ទៅទិសខាងជើង ។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋល្អបានហៅជនរងគ្រោះឡើងលើរថយន្តដេញតាមរហូតដល់ផ្លូវ១០៩ ខាងក្រោយអូរតែល ញ៉ូយ៉ក ជាប់របងសាលារៀនវត្តកោះ ជនសង្ស័យភ័យស្លន់ស្លោរបើកម៉ូតូលឿនពេក ក៏ទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដួល រងរបួសបែកមុខបែកមាត់ ព្រមទាំងជ្រុះប្រដាប់កាច់កម៉ូតូចំនួន២ផងដែរ ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថារូបគេកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន២លើករួចមកហើយតែទើបលើកទីបីនេះត្រូវអស់លក្ខ័តែម្ដង ។
ក្រោយមក ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំបញ្ជូនបន្តទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ