ភ្នំពេញ ៖ លោក ស៊ុយ សែម បានដឹកនាំប្រតិភូក្រសួងរ៉ែ និងថាមពលចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលអង្គប្រជុំមានគោលបំណងពិភាក្សាផ្តោតលេីបេសកកម្ម និងសមិទ្ធផលក្នុងរង្វង់ដែន សមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល។
ក្រសួងរ៉ែនិងថាមពល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយទស្សន វិស័យ ដេីម្បីអនុវត្តមុខងាររបស់ខ្លួន ដែល រាជរដ្ឋាភិបាលប្រគល់ជូន ក្នុងនាមជាសេនាធិការដែលមានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យរ៉ែ ថាមពល ប្រេងកាត បរមាណូស៊ីវិល រួមទាំងវិទ្យុសកម្ម និង អគ្គិសនី។
កិច្ចប្រជុំពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ធ្វើឡើងនៅ វិមានសន្តិភាព ព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
លោកទេសដ្ឋរមន្ត្រី ពេជ្រ ស្រស់ បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គ្មានសិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុន ទ្រី ភាព ធ្វើការសម្អាត ច្រាំងទន្លេទេ ប៉ុន្តែមានសិទ្ធិគ្រប់គ្រងរ៉ែក្នុងទន្លេនោះ។
ពាក់ព័ន្ធទៅនឹងករណី ដែលលេចឮថា ក្រុមហ៊ុន ទ្រី ភាព ធ្វើការសម្អាតនៅតាមច្រាំងទន្លេ ដែលជាករណីធ្វើឲ្យមានការ ប្រតិកម្មយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ព្រមទាំងជាសមាជិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកជាសំណួរចោទសួរទៅកាន់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឲ្យជួយឆ្លើយបំភ្លឺ រីឯភាគីខាងក្រសួងរ៉ែ និងថាមពល ក៏បានធ្វើការឆ្លើយតបភ្លាមៗថា ក្រសួងពុំមានសមត្ថកិច្ចក្នុងការផ្ដល់ទន្លេឲ្យទៅក្រុមហ៊ុន ទ្រី ភាព ធ្វើការស្ដារនោះទេ តែក្រសួងមានកាតព្វ កិច្ចគ្រប់គ្រងរ៉ែ ដែលនៅខាងក្រោមទន្លេ រួមមានដូចជា៖ ខ្សាច់, ថ្ម, ក្រួស ជាដើម ហើយចំពោះការដឹកជញ្ជូនចេញ ដោយពុំមានច្បាប់អនុញ្ញាតក្រសួង នឹងមានវិធានការ ដោយត្រួតពិនិត្យមើលការលក់នោះ ថា លក់ទៅឲ្យភាគីខាងណា រួចក្រសួងនឹង កំណត់ឲ្យធ្វើការបង់ពន្ធចូលរដ្ឋ “។
លោក ពេជ្រ ស្រស់ បានសួរដេញ ដោលទៅភាគីក្រសួងរ៉ែ និងថាមពល និង អគ្គិសនីកម្ពុជា ចំនួន៤ចំណុចនៅក្នុងកិច្ច ប្រជុំនេះ។
១៖ អំពីលុយបានពីការលក់ភ្នំ រ៉ែ និង ខ្សាច់បូមពីទន្លេ បានចំណូលប៉ុន្មានចូលទៅ ជាថវិការបស់រដ្ឋ…។
២៖ អំពីគោលជំហររបស់ក្រសួងរ៉ែ និង ថាមពល ជាមួយក្រុមហ៊ុន ទ្រី ភាព តើខាង ក្រសួងអនុញ្ញាត ឲ្យក្រុមហ៊ុនមួយនេះធ្វើការសម្អាតច្រាំងទន្លេដែរឬទេ? ៣៖ អំពីក្រសួង រ៉ែ និងថាមពលមានដីជាប់ជើងភ្នំក្រោយ ពលរដ្ឋកាន់កាប់អាស្រ័យផល តើក្រសួងអាចប្រគល់ ដីនោះ ឲ្យពលរដ្ឋវិញដែរឬទេ? និង៤៖ ហេតុអ្វីបានជាតម្លៃភ្លើងឡើងថ្លៃ ១គុណជា២ គឺស្របពេលភ្លើងដាច់ គ្មានបានប្រើផងនោះ?៕ ហេង សូរិយា