ថ្មីៗនេះប្រភពពីប្រជាសហគមន៍ការពារព្រៃព្រះរកា ក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញនិងក្រុមហ៊ុនមួយចំនួននៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីបរិស្ថានឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួន ក៏ដូចជាឈ្មួញធំៗបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សយ៉ាងគឃ្លើន។ ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ចេញពីព្រៃព្រះរកា យ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថានការពារតំបន់ព្រៃព្រះរកា ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប្រជាសហគមន៍ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យឡើងវិញអំពីភាពអសកម្មរបស់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា ខ្លះផងកុំជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម។ បើមិនដូច្នេះទេឈ្មួញនិងក្រុមហ៊ុនមួយចំនួននៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ចេញពីព្រៃព្រះរកាយ៉ាងរាលដាល ព្រោះមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល។
សេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃព្រះរកា ក្នុងស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនឈើចេញទៅខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។ សកម្មភាពរបស់ក្រុមឈ្មួញក្នុងការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ និងខេត្តសៀមរាប យ៉ាងរលូនជាភស្ដុតាងបង្ហាញថាបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កំពុងក្លាយទៅជារឿងឥតន័យ ឥតប្រយោជន៍ ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ មិនអនុវត្តន៍តាមបទបញ្ជារបស់លោក អ៊ុន ចាន់ដា ទាល់តែសោះ។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថាលោក អ៊ា សុខា មានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងបរិស្ថាន ទើបហ៊ានឃុបឃិតបើកដៃពីឲ្យឈ្មួញច្រើននាក់និងក្រុមហ៊ុនមួយចំនួនបន្តកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា យ៉ាងរាលដាលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕