ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដាក់វិធានការក្ដៅទៀតហើយ រឿងរថយន្ដ ធំចូលក្រុង ដោយទុករយៈពេលឲ្យ១ខែទៀត បើនៅតែមិនគោរព ត្រូវចាប់ឃាត់ទុក

ចែករំលែក៖

ភ្នំពេញ ៖ រឿងបញ្ហារថយន្តធំចូលក្រុង បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងផុលផុស ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានី ភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋបាលរាជធានីភ្នំពេញ ក្នុងពេលដែលបញ្ហារថយន្តធំចូលក្រុងនេះ តែងទទួលរងការរិះគន់យ៉ាងចាស់ដៃពីមតិមហាជន និងក្រោយពីរថយន្តធុនធំទាំងនោះ បានបង្កបញ្ហាបាត់ សណ្តាប់ធ្នាប់ និង បង្កគ្រោះថ្នាក់ចរាចរ និងស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញរាល់ថ្ងៃមកនេះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំងអស់ត្រូវអនុវត្ដវិធានការទប់ស្កាត់ឡានធំចូលក្រុង គឺ ដោយទុក រយៈពេលឲ្យ ១ខែទៀត ត្រូវទប់ស្កាត់ឲ្យបាន ដែលមានអាជ្ញាធរខណ្ឌ, សមត្ថកិច្ចនគរបាល, កងរាជអាវុធហត្ថ ជាអ្នកអនុវត្តវិធានការនេះ ដែលត្រូវធ្វើឲ្យខាងតែបាន។ ជាមួយគ្នានេះ លោកអភិបាល ក៏បានឯកភាពទៅលើសំណើរៀបចំ តម្រាយផ្លូវសំរាប់ឡានធំចូលក្រុងជាថ្មីឡើងវិញ។ ជាមួយគ្នានេះ ក៏ត្រូវអនុវត្តម៉ោងពេលចូលក្រុងសំរាប់ឡានធំ ចូលក្រុងគឺចាប់ពី ម៉ោង៩យប់ ដល់ម៉ោង៦ភ្លឺ និងកំណត់ផ្លូវអទិភាព ដែលមិនអនុញ្ញាតឲ្យចេញចូល។

លោកបន្ដថា៖ បើម្ចាស់ឡានធំណា ដែលមិនស្តាប់តាមការណែនាំ គួឈប់រកស៊ីដឹកជញ្ជូនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ បាន រៀបចំឲ្យមាន ទីតាំង៣កន្លែង ដើម្បីយករថយន្តធំ ទៅទុកបណ្តោះអាសន្នក្រោយឃាត់បាន។ ពេលលែងវិញត្រូវមានការឯកភាព ពីលោកអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌជាប់ដងទន្លេសាប ត្រូវមានវិធានការតឹងរឹងទៅលើទូកនេសាទ, ប៊ែរត្រីដែលកំពុងសំរុកចូលមកភូមិសាស្ត្ររាជធានីភ្នំពេញ នៅពេលដែលអាជ្ញាធរខេត្តកណ្តាល និងកំពង់ឆ្នាំង រុញចេញពីភូមិសាស្ត្ររបស់ខ្លួន។ ប៊ែរត្រីទាំងនោះ មាននៅក្នុងខណ្ឌព្រែកព្នៅ, ខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វា ដែលស្ទើរតែធ្វើឲ្យចរន្តទឹកទន្លេលែងហូរទៅហើយ។

លោកបានណែនាំឲ្យមានការទប់ស្កាត់ និងបង្ក្រាបទ្រង់ទ្រាយធំ ទៅលើទីតាំងបើកល្បែងស៊ីសង និង Online, រួមទាំងក្លឹបកំសាន្តបើកពេលថ្ងៃ។ ហើយអាជ្ញាធរខណ្ឌ ក៏ត្រូវជូនដំណឹង២សប្តាហ៍ ដល់អ្នកលក់ឡានក្នុងផ្ទះ ល្វែងត្រូវរកទីតាំងផ្សេង ព្រោះការបើកលក់ឡាន ក្នុងផ្ទះល្វែងវាបណ្តាលឲ្យស្ទះផ្លូវ ប៉ះពាល់ដល់ការធ្វើដំណើរជាទូទៅ និងអ្នកជិតខាង។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ យើងត្រូវតែពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានខ្លាំងក្លាទាំងបញ្ហាការពង្រឹងការអនុវត្ត ច្បាប់ចរាចរផ្លូវគោក និងការគ្រប់គ្រងចរាចរណ៍ ក្នុងទីក្រុងក្នុងដំណាក់កាល ដែល រាជធានីភ្នំពេញ នៅតែជាប់ចំណាត់ថ្នាក់លេខ១ ខាងគ្រោះថ្នាក់ចរាចរ បើប្រៀបធៀបទៅនឹងបណ្តាខេត្តទាំង២៥ ក្នុងប្រទេស នោះ ៕ សំរិត


ចែករំលែក៖