ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចោទប្រកាន់​ កូនប្រុស​ លោក​ស្រី​ ញ៉ែម​ មរកត​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ ដែល​បាញ់​នារី​ម្នាក់​ក្នុង​ក្លិប​លុច្ស​សារី​

ចែករំលែក៖

ភ្នំពេញ៖ តុលាការ​ នៅ​ថ្ងៃទី​៣១​ ខែ​ឧសភា​ នេះ​ សម្រេច​ចោទប្រកាន់​កូនប្រុស​លោក​ស្រី​ ញ៉ែម​ មរកត​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ ដែលបាញ់ស្ត្រីម្នាក់​បណ្តាល​ឱ្យ​រងរបួសធ្ងន់ នៅក្នុងក្លឹបកម្សាន្តលុច្សសារី​ ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ ថ្លែង​ថា​ លោកស្រី​ ស៊ឺ​ វណ្ណនី​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ​ វីន សុក្របញ្ញា​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ តាម​មាត្រា​២៧និង​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

ហេតុការណ៍បាញ់ប្រហារបណ្តាលឲ្យបាក់ភ្លៅជនរងគ្រោះ បានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹបកម្សាន្ត លុច្សសារី មានទីតាំងផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីបាញ់ប្រហារជនរងគ្រោះខាងលើ ត្រូវគេរាយការណ៍ថាអាចផ្តើមចេញពីទំនាស់ស្នេហាត្រីកោណ ព្រោះគេឃើញមានជនសង្ស័យជាបុរស២នាក់ ដែលធ្លាប់មានទំនាក់ទំនងជាមួយជនរងគ្រោះប្រដាប់ដោយអាវុធខ្លីក្នុងដៃម្នាក់ ១ដើម ចូលក្នុងក្លឹប ទើបឈានដល់ជម្លោះបាញ់ជនរងគ្រោះតែម្តង​ ៕ចេស្តា


ចែករំលែក៖