ខេត្តពោធិ៍សាត់ មានឈ្មួញជាច្រើននាក់នៅតែបន្តរកស៊ីដឹកជញ្ជូនឈើ ។ បទល្មើសកាប់បំផ្លាញព្រៃឈើមិនថមថយនោះឡើយ មិនថានៅតំបន់អភិរក្ស ឬតំបន់ការពារនោះឡើយ ។ ពួកឈ្មួញចែកមុខសញ្ញា ក្នុងការប្រមូលទិញឈើគ្រប់ប្រភេទ ពោលគឺប្រមូលទិញសូម្បីតែឫសឈើ ។ ឈ្មួញធ្វើសកម្មភាពតាមមុខសញ្ញារៀងៗខ្លួន ដែលក្នុងនោះគេរាយការណ៍ថា ចែអូន ជាអ្នកដែលប្រមូលទិញឈើបកសម្បកផ្តាច់មុខនៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នៅលើទឹកដីនេះ គ្មាននរណាហ៊ានទិញឈើបកសម្បក ដូចចែអូន ទេ ពោលគឺវាហាក់បីដូចជាទទួលបានសិទ្ធិផ្តាច់មុខក្នុងការទិញឈើបកសម្បក ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចែអូន ឈរជើងយ៉ាងរឹងមាំនៅចំណុចតាំងយ៉ ស្ថិតនៅក្នុងស្រុកវាលវែង ដែលគ្មាននរណាអាចនៅក្បែរបានឡើយ ។ ឈ្មួញនានា មិនអាចមកឈរទិញឈើបកសម្បកនៅក្នុងស្រុកវាលវែងនេះបានទេ ។ មានន័យថា នៅលើទឹកដីស្រុកវាលវែង មានតែចែអូនមួយប៉ុណ្ណោះ ដែលជាអ្នកមានសិទ្ធិទិញឈើបកសម្បក ។ ឈើបកសម្បកជាប្រភេទឈើតូចៗ ដែលគេយកទៅធ្វើជាសសរផ្ទះ ឬរោង ។ ការកាប់បំផ្លាញឈើតូចៗ បង្កហានិភ័យយ៉ាងខ្លាំងដល់ព្រៃឈើ ។ មានន័យថា ឈើមូលតូចៗ ត្រូវបានកាប់បំផ្លាញដើម្បីយកមកលក់ឲ្យចែអូន ។ ចែអូន ធ្លាប់ត្រូវបានអាជ្ញាធរជំនាញហៅឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការទិញឈើបកសម្បក ។ ប៉ុន្តែកិច្ចសន្យាមានតែលើក្រដាសប៉ុណ្ណោះ ។
ប្រភពបានឲ្យដឹងថា បើទោះបីជាស្ថាប័នជំនាញធ្លាប់ធ្វើកិច្ចសន្យា និងបច្ចុប្បន្នសមត្ថកិច្ចហាក់បីដូចជាបានរិតបន្តឹងចំពោះការរិតបន្តឹងចំពោះការដឹកជញ្ជូនឈើបកសម្បកយ៉ាងណាក៏ដោយ ក៏ចែអូននៅតែអាចដឹកឈើចេញពីស្រុកវាលវែងសម្តៅរាជធានីភ្នំពេញរាល់យប់ ។
នេះគឺជាជោគជ័យមួយនៃរបររកស៊ីរបស់ចែអូន ហើយវាក៏ជាមោទនភាពនៃក្រុមមន្ត្រីខេត្តពោធិ៍សាត់ ដែលអាចកាងឲ្យចែអូនបន្តរបររកស៊ីដឹកជញ្ជូនឈើបកសម្បកបានដោយសេរី ទាំងយប់ ទាំងថ្ងៃ ដូចសព្វថ្ងៃនេះ ។ គេនិយាយថា មានតែចែអូនម្នាក់ប៉ុណ្ណោះ ដែលមានឥទ្ធិពលក្នុងការដឹកជញ្ជូនឈើបកសម្បកចេញពីស្រុកវាលវែង ទៅរាជធានីភ្នំពេញ។ ចែអូនដើរនិយាយថា វប្បធម៌ចែករំលែកទើបធ្វើឲ្យគាត់អាចឈរជើងលើសមរភូមិឈើបកសម្បកនេះបានដល់សព្វថ្ងៃ ៕