ការកាប់បំផ្លាញព្រៃឈើបានកើតឡើងយ៉ាងសកម្មបំផុតនៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប៉ុន្តែនៅពេលដែលឈើទាំងនោះដឹកចេញពីដែនសមត្ថកិច្ចបរិស្ថាន ត្រូវឆ្លងកាត់ដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ។ ដូច្នេះ មេព្រៃបានត្រឹមតែយកលុយពីបទល្មើសឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ ។ ពីព្រោះថា បទល្មើសនៃការកាប់បំផ្លាញស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់មិនដែលខ្វល់ចំពោះការកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។
គេខ្សឹបខ្សៀវថា នៅព្រឹកថ្ងៃទី៧ ខែមិថុនា មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ភ្នំក្រវាញ ត្រូវបានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ក្រោមអំណាចបញ្ជាលោក ឡាយ វិសិដ្ឋ កោះហៅឲ្យមកបំភ្លឺអំពីបញ្ហាបទល្មើសនៃការដឹកជញ្ជូនឈើរបស់ឈ្មួញដ៏ល្បីម្នាក់ឈ្មោះ ចែ ភក្តិ និងប្តី ។ បទល្មើសនៃការដឹកជញ្ជូនឈើរបស់ចែ ភក្តិ និងប្តី ស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក សួស សុផានិត ។ ប៉ុន្តែគេដឹងថា ឈើទាំងនោះ មិនមែនកាប់នៅក្នុងដែនសមត្ថកិច្ចមេព្រៃនោះទេ ។ ផ្ទុយទៅវិញ ឈើទាំងនោះត្រូវបានកាប់ចេញពីតំបន់ការពារដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។ នៅគ្រាដែលមន្ទីរកសិកម្មហាក់ដូចជាបានរស់ត្រគាកបន្តិចក្រោមការចាត់ចែងមើលការខុសត្រូវរបស់លោករដ្ឋមន្ត្រី វេង សាខុន រីឯខាងក្រសួងបរិស្ថានមិនដែលខ្វល់ចំពោះការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារនោះឡើយ ។
ចែភក្តិ នៅតែជាជើងឯក ក្នុងការបោះទីតាំងឈរទិញឈើនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ថ្មីៗបំផុតនេះ គេឃើញជនជាតិចិន ដែលអត់ចេះនិយាយភាសាខ្មែរមួយម៉ាត់ចុះទៅទិញដល់ទីតាំង ។ ប្រភពបានឲ្យដឹងថា ចែ ភក្តិ រីកថ្លើមជាខ្លាំង ពីព្រោះបានម៉ូយដុំ ចុះទៅទិញឈើដល់ទីតាំងមាត់ព្រៃ ក្នុងតម្លៃថ្លៃ ដែលគាត់បានចំណេញប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយពេលនោះ ។ ពួកមន្ត្រីព្រៃឈើនិយាយថា ឈ្មួញចិននោះ ជះលុយឲ្យសមត្ថកិច្ចគ្រប់ផ្នែកដោយមិនខ្វល់អ្វីឡើយ ។ ឈ្មួញចិនឈរមើលការថ្លឹងឈើដែលទិញពីចែ ភក្តិ ដាក់បញ្ចូលរថយន្តដោយខ្លួនឯង ។
គេនិយាយថា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មិនដែលខ្វល់ចំពោះបញ្ហាបទល្មើសព្រៃឈើនៅតំបន់ការពារនោះឡើយ ។ សូម្បីតែមន្ត្រីពួកមេព្រៃក៏ឆ្ងល់ដែរថា ហេតុអ្វីបានជាខាងបរិស្ថាន ដែលមានភារកិច្ចការពារព្រៃឈើនៅតំបន់អភិរក្សមិនដែលខ្វល់ ចំពោះបញ្ហាបទល្មើសយ៉ាងដូច្នេះ ។ មិនតែប៉ុណ្ណោះ មន្ត្រីបរិស្ថានប្រជែងគ្នាទាញយកម៉ូយខាងប្រព្រឹត្តបទល្មើសដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ៗទៀតផង ។ គេមិនដឹងថា តើថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជ្រាបអំពីបញ្ហាមហន្តរាយព្រៃឈើនៅតំបន់ការពារក្នុងស្រុកភ្នំក្រវាញដែរឬយ៉ាងណានោះទេ ។ ពួកមេព្រៃស្រុកភ្នំក្រវាញ់និយាយថា ខាងបរិស្ថានស្រួលណាស់ យកលុយងាយៗ ហើយមិនដែលថ្នាក់លើស្តីបន្ទោសនោះឡើយ។ ចំណែកឯពួកខ្លួនគ្រាន់តែបទល្មើសឆ្លងកាត់តំបន់ខ្លួន ក៏ត្រូវមេៗស្តីបន្ទោសដែរ ៕