ព័ត៌មានទាន់ហេតុការណ៍៖

ដេញថ្លៃគម្រោងកែលម្អផ្លូវលំ ក្រាលខ្សាច់ភ្នំ និងក្រាលក្រួសក្រហម ចំនួន១០ខ្សែ ក្នុងឃុំចំនួន១០ ក្នុងស្រុកកំពង់រោទ៌ មានភាពរញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ពិធីដេញថ្លៃគម្រោងកែរលម្អផ្លូវលំក្រាលខ្សាច់ភ្នំ និងក្រាលក្រួសក្រហមចំនួន១០ខ្សែក្នុងឃុំចំនួន១០ នៃរដ្ឋបាលស្រុកកំពង់រោទ៌ មានភាពរញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការដេញថ្លៃពន្យារពេល លើសម៉ោងកំណត់៣០នាទី ។

ការដេញថ្លៃនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ និងមន្ត្រីលទ្ធកម្មខេត្ត និងក្រុមប្រឹក្សាឃុំទាំង១០ ដែលជាម្ចាស់គម្រោងព្រមទាំងតំណាងក្រុមហ៊ុនចំនួន២៧ក្រុមហ៊ុនបានចូលរួមដេញថ្លៃ ។

មុននឹងដំណើរការដាក់ឲ្យដេញថ្លៃ លោក អភិបាលស្រុកកំពង់រោទ៌បានមានប្រសាសន៍ ណែនាំអំពីគោការណ៍ និងលក្ខខណ្ឌក្នុងការដាក់ដេញថ្លៃនេះថា សូមឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ ដែលមកចូលរួមដេញថ្លៃគម្រោងកែលម្អផ្លូវទាំង១០ខ្សែនេះ គឺក្រុមហ៊ុនដែលមានអាជ្ញាប័ន និងមានប្រាក់កក់២០ភាគរយទើបមានសិទ្ធិចូលដាក់ដេញថ្លៃ ហើយការដេញថ្លៃទៀតសោត ត្រូវតែគិតអំពីស្តង់ដារបច្ចេកទេស និងមានគុណភាព សូមកុំចេះតែដាក់តម្លៃទាប ចង់តែពីឈ្នះ ចង់តែពីបាន ហើយពេលចាប់ដំណើរការជួសជុលកែលម្អផ្លូវ ស្រែកត្អូញត្អែរថា ខាត សុំឲ្យអជ្ញាធរជួយ គឺមិនអាចទេ សូមពិចារណា និងពិនិត្យស្ថានភាពផ្លូវ និងតម្លៃដី ក្រួសក្រហម និងខ្សាច់ភ្នំ តម្លៃលូ កាត់ប្រឡាយ ឲ្យបានច្បាស់លាស់ ជាពិសេសត្រូវធ្វើទៅតាមគម្រោង តាមបទដ្ឋានស្តង់ដារ បច្ចេកទេសដែលចុះកិច្ចព្រមព្រៀងរបស់មន្ត្រីលទ្ធកម្មនិងម្ចាស់គម្រោង ។

អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺគុណភាពផ្លូវនៅពេលកែលម្អរួច តើធ្វើតាមស្តង់ដារបច្ចេកទេសដែរ ឬទេ ទើបលទ្ធផលដេញថ្លៃដាក់តម្លៃទាបជាងតម្លៃការប៉ាន់ប្រមាណរបស់ម្ចាស់គម្រោងចាប់ពី៤០ភាគរយ រហូតដល់ក្រោម៥០ភាគរយទៅទៀតនោះ ។

មហាជនបានរិះគន់ថា ផ្លូវលំដែលជួសជុលកែលម្អកន្លងមក គឺគ្មានគុណភាពទេ ធ្វើខាងមុខខូចខាងក្រោយ ផ្លូវខ្លះទៀត ធ្វើបាន២ខែទៅ៣ ខែគឺខូចអស់ហើយ គឺឡើងគម្រោងធ្វើរហូត ។

បើតាមមន្រ្តីលទ្ធកម្មម្នាក់បានបង្ហើបឲ្យដឹងថា ផ្លូវលំដែលដេញថ្លៃ ផ្លូវមូលដ្ឋានដែលប្រើប្រាក់ភិភាជ របស់គម្រោងក្រុមប្រឹក្សា ឃុំសង្កាត់ក្រសួងកុងត្រា ជួសជុលថែទាំ តែរយៈពេល៦ ខែប៉ុណ្ណោះ ទើបផ្លូវថ្នល់លំ ចេះតែខូចនោះ កុំឆ្ងល់ពេកទាន! ។

សូមបញ្ជាក់ថា ការដេញថ្លៃនេះដែរ គឺមើលទៅមានភាពរញ៉េរញ៉ៃខ្វះសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការដេញថ្លៃពន្យារពេលលើសម៉ោងកំណត់៣០នាទី គឺការកំណត់ពេលវលាចាប់ទទួលពាក្យនៅវេលាម៉ោង៩ និង០០នាទីព្រឹក បិទឈប់ទទួលពាក្យនៅវេលាម៉ោង៩ និង១០នាទីព្រឹក ក៏ប៉ុន្តែពន្យារពេលដល់វេលាម៉ោង៩ និង៤០នាទីព្រឹក ដោយសារមនុស្សតំណាងក្រុមហ៊ុនមកចូលរួមដេញថ្លៃបង្កើតភាពរញ៉េរញ៉ៃដើរប្រសេចប្រសាចខ្លះឈរទ្រឹង មិនព្រមយកឯកសារដាក់ចូលដេញថ្លៃទេ រហូតដល់មន្ត្រីលទ្ធកម្មប្រកាសបិទ ទើបនាំគ្នាប្រជ្រៀតដាក់ដេញថ្លៃ ហើយក្រុមហ៊ុនខ្លះទៀត ពេលក្រុមប្រឹក្សាឃុំលោកបិទឈប់ទទួលហើយ នៅតែតវ៉ាសុំដាក់ដេញថ្លៃដែរ ធ្វើឲ្យមន្ត្រីបច្ចេកទេសក្រពុលមុខយ៉ាងខ្លាំង ៕ យឹម សុថាន


ចែករំលែក៖