គេរាយការណ៍ថា ចែ ភក្តិ នៅតែជាជននាំមុខក្នុងការរកស៊ីដឹកជញ្ជូនឈើ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ គាត់ត្រូវបានជួយការពារយ៉ាងពេញទំហឹងដោយមន្ត្រីមូលដ្ឋានក្នុងតំបន់នោះ ទាំងការកេណ្ឌប្រមូលពលរដ្ឋរកស៊ីដឹកជញ្ជូនឈើឲ្យយកមកលក់ជូនចែ ភក្តិ ក៏ដូចជាជួយការពារមិនឲ្យមានមន្ត្រីណាមកឆាឆាវ ឬឈ្មួញដទៃណាមកឆាឆាវរបររកស៊ីរបស់ចែ ភក្តិ ។ ដូច្នេះហើយ ទើបចែភក្តិ បោះទីតាំងឈរជើងយ៉ាងរឹងមាំនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបានរាយការណ៍ថា បើទោះបីជាមួយរយៈនេះ ចែភក្តី ធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើហាក់បីដូចជាលាក់បាំងបន្តិចក៏ដោយ ប៉ុន្តែមិនបានថមថយចំពោះការដឹកជញ្ជូននោះទេ ។ ប្រភពបានរាយការណ៍ថា មន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាអ្នកបានជួយការពារសម្របសម្រួលគ្រប់បញ្ហា ឲ្យចែភក្តីអាចធ្វើការងារ ប្រកបរបររកស៊ីបានដោយសុខស្រួល ។ មន្ត្រីបរិស្ថានប្រចាំនៅតំបន់នោះ ឈ្មោះ ភាព ជាកូនចៅរបស់លោក ប៉ាន់ មរកត ជាអ្នកដែលពាក់ព័ន្ធក្នុងរបររកស៊ីខុសច្បាប់របស់ចែភក្តិ ។ ប្រភពរាយការណ៍ថា ចែភក្តិ នៅតែបោះទីតាំងចាំទិញឈើនៅចំណុចចម្ការ តាលី ដោយមិនខ្លាចរអែងនរណានោះឡើយ ។ មិនតែប៉ុណ្ណោះ អ្នកណាដែលហ៊ានរកស៊ីឈើ ដូចខ្លួន មុខជាត្រូវសមត្ថកិច្ចក្នុងតំបន់ចាប់ជាមិនខានឡើយ ។
អាជ្ញាធរខេត្តពោធិ៍សាត់ ជាពិសេសស្ថាប័នជំនាញ ពោលគឺខាងបរិស្ថាន ក៏ដូចជាមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ធ្វើជាមិនដឹងមិនឮ ដោយផ្តល់ឱកាសឲ្យចែ ភក្តិ ធ្វើអ្វីតាមអំពើចិត្ត ។ កាលពីប៉ុន្មានថ្ងៃមុន គេឃើញពួកមេព្រៃនាំគ្នាទៅអឺតឈ្ងោកមុខផ្ទះចែភក្តិ មួយភ្លែតដែរ តាមបញ្ជារបស់ប្រធានមន្ទីរកសិកម្មខេត្ត ។ នៅពេលទៅដល់ មិនជួបចែភក្តិ ក៏នាំគ្នាធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំវិញទៅ ។ គេមិនដឹងថា តើរបៀបរបបការងាររបស់ពួកមេព្រៃទាំងនោះបែបណានោះទេ ។ រីឯពួកមន្ត្រីបរិស្ថាន មិនដែលខ្វល់អំពីបញ្ហាដំណើរឆ្ពោះទៅរកការរលំរលាយ ព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ គឺគិតយ៉ាងណាឲ្យតែបានលុយ ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អត់ដែលខ្វល់ចំពោះបញ្ហាព្រៃឈើនៅក្នុងតំបន់អភិរក្សនោះទេ៕