ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចែ ភក្តិ បន្តឈរជើងយ៉ាងរឹងមាំ ដោយមានមន្ត្រីបរិស្ថានជួយ​កាង

ចែករំលែក៖

គេរាយការណ៍ថា ចែ ភក្តិ នៅតែជាជននាំមុខ​ក្នុងការ​រកស៊ីដឹកជញ្ជូនឈើ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ គាត់ត្រូវបានជួយ​ការ​ពារ​យ៉ាងពេញទំហឹងដោយមន្ត្រីមូលដ្ឋានក្នុងតំបន់នោះ ទាំងការកេណ្ឌប្រមូលពលរដ្ឋរកស៊ីដឹកជញ្ជូនឈើ​ឲ្យយកមកលក់ជូនចែ ភក្តិ ក៏ដូចជា​​ជួយការពារមិនឲ្យមានមន្ត្រីណា​មកឆាឆាវ ឬឈ្មួញដទៃណាមកឆាឆាវ​របររកស៊ីរបស់ចែ ភក្តិ ។ ដូច្នេះហើយ ទើបចែភក្តិ បោះទីតាំង​ឈរជើងយ៉ាងរឹងមាំនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានរាយការណ៍ថា បើទោះបីជាមួយរយៈនេះ ចែភក្តី ធ្វើសកម្មភាព​រកស៊ីដឹកជញ្ជូនឈើ​ហាក់បីដូចជាលាក់បាំងបន្តិច​ក៏ដោយ ប៉ុន្តែ​មិនបាន​ថមថយចំពោះការដឹកជញ្ជូននោះទេ ។ ប្រភពបានរាយការណ៍ថា មន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាអ្នកបានជួយ​ការពារ​សម្របសម្រួលគ្រប់បញ្ហា ឲ្យចែភក្តី​អាចធ្វើការងារ ប្រកបរបររកស៊ីបានដោយសុខស្រួល ។ មន្ត្រីបរិស្ថាន​ប្រចាំនៅតំបន់នោះ ឈ្មោះ ភាព ជាកូនចៅ​របស់លោក ប៉ាន់ មរកត ជាអ្នកដែលពាក់ព័ន្ធ​ក្នុងរបររកស៊ីខុសច្បាប់របស់ចែ​ភក្តិ ។ ប្រភពរាយការណ៍ថា ចែភក្តិ នៅតែ​បោះទីតាំង​ចាំទិញឈើ​នៅចំណុចចម្ការ តាលី ដោយមិនខ្លាចរអែងនរណានោះឡើយ ។ មិនតែប៉ុណ្ណោះ អ្នកណាដែលហ៊ានរកស៊ីឈើ ដូចខ្លួន មុខជាត្រូវសមត្ថកិច្ច​ក្នុងតំបន់ចាប់ជាមិនខានឡើយ ។

អាជ្ញាធរខេត្តពោធិ៍សាត់ ជាពិសេស​ស្ថាប័នជំនាញ ពោលគឺខាងបរិស្ថាន ក៏ដូចជាមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ធ្វើជាមិន​ដឹងមិនឮ ដោយផ្តល់ឱកាស​ឲ្យចែ ភក្តិ ធ្វើអ្វីតាមអំពើចិត្ត ។ កាលពីប៉ុន្មានថ្ងៃមុន គេឃើញពួកមេព្រៃ​នាំគ្នាទៅអឺតឈ្ងោកមុខផ្ទះចែភក្តិ មួយភ្លែតដែរ តាមបញ្ជារបស់ប្រធានមន្ទីរកសិកម្មខេត្ត ។ នៅពេលទៅដល់ មិនជួបចែភក្តិ ក៏នាំគ្នាធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំវិញទៅ ។ គេមិនដឹងថា តើ​របៀបរបបការងាររបស់ពួកមេព្រៃ​​ទាំងនោះបែបណានោះទេ ។ រីឯពួកមន្ត្រីបរិស្ថាន មិនដែលខ្វល់អំពីបញ្ហាដំណើរឆ្ពោះ​ទៅរកការរលំរលាយ ព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ គឺគិតយ៉ាងណាឲ្យតែបានលុយ ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អត់ដែលខ្វល់​ចំពោះបញ្ហាព្រៃឈើ​នៅក្នុងតំបន់អភិរក្សនោះទេ​៕


ចែករំលែក៖