ព័ត៌មានទាន់ហេតុការណ៍៖

ជណ្តើរដែករលំលើបុរសម្នាក់កំពុងជិះម៉ូតូធ្លាយខួរស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវជណ្ដើរដែក នៅខ្លោងទ្វារកាស៊ីណូ ភែរើមែកស៍ រលំសង្កត់លើ បណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតភូមិក្បាល​ស្ពាន​​សង្កាត់ និងក្រុងប៉ោយប៉ែត បន្ទាប់ពីមានខ្យល់កន្ត្រាក់បោកបក់មកលើភូមិខាង​លើយ៉ាង​ខ្លាំង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះសាយ សុភី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅ​មណ្ឌល២ភូមិប្រជាធម្មសង្កាត់ក្រុងប៉ោយប៉ែត ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានខ្យល់កន្ត្រាក់​បណ្ដាលឱ្យ​រំលំ​ជណ្ដើរ​ដែកដែលបញ្ឈរជាប់បង្គោលខ្លោងទ្វារមួយនៅក្បែរ ​នោះសង្កត់លើម៉ូតូ​នឹងត្រូវ​ក្បាលជនរងគ្រោះធ្លាយខួរស្លាប់ភ្លាមៗតែម្ដង ។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប្រាប់ថា គ្រោះថ្នាក់ជណ្តើរដែកសង្កត់មនុស្សធ្លាយខួរស្លាប់​នេះ បណ្តាលមកពី ជាការធ្វេសប្រហែសរបស់ម្ចាស់កាស៊ីណូ ជាពិសេសកម្មករមួយក្រុមដែលកំពុងធ្វើខ្លោង​ទ្វារដាក់យីហោកាស៊ីណូភែរើមែកស៍ពុំព្រម​យកចេញពីបង្គោលទុកដាក់ឲ្យស្រួលបួលក្រោយបញ្ចប់ការងារនោះ ។

បន្ទាប់មានហេតុនេះភ្លាមសាច់ញាតិជនរងគ្រោះមិនអស់ចិត្តបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះប៉ុន្តែជាអកុសល​គ្រូពេទ្យប្រាប់ថាជនរងគ្រោះបាត់​បង់ជីវិត​ទៅ​ហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយជណ្តើរដែករលំលើប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖