ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ បាត់បង់គ្រឿងអលង្ការ អស់ពីខ្លួនរលីង និងទូរស័ព្ទមួយគ្រឿងផងដែរ សរុបអស់រាប់រយដុល្លារ ដោយសារបាញ់បោកក្រុមទម្លាក់យោង ។ នារីរងគ្រោះ បានត្រឹមកាន់ខ្សែកក្រឡៃទៅប្តឹងប៉ូលិសទាំងទឹកភ្នែក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចប្រាប់ថា នារីរងគ្រោះឈ្មោះ អឿន ចាន់និត អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយបងស្រី នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណតាល ។ ចំណែកសម្ភារៈបាត់បង់ ខ្សែកប្លាទីន១ខ្សែ ខ្សែជើង១ខ្សែ កងដៃ៣កង ចិញ្ចៀន២វង់ ទូរស័ព្ទ I phone 6plush មួយគ្រឿង ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ នៅមុខសាលាក្តីខ្មែរក្រហម លុះដល់ដល់មុខវត្តកំបូល តាមផ្លូវជាតិលេខ៤ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួរ មានរើសបាន កញ្ចប់ថង់ក្រហម មាស អត់ ? ហើយក៏ឆ្លើយតបតវិញ អត់ឃើញផង ពេលនោះក៏មាន ម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ មកប្រាប់ថា កុំមាត់ ពួកគេរើសបាន រងចាំយកទៅចែកគ្នា ស្រាយមាត់ថង់ឲ្យមើល ឃើញលោហៈក្រហមច្រាល ថាហើយក៏បបួលនាំរូបនាង ដោយក្រុមជនសង្ស័យគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ម៉ូតូ៣គ្រឿង សេ១២៥ ចំនួន២គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុបនាំនាង ពីមុខវត្តកំបូល តាមមហាវិថីឈ្នះ ឈ្នះ ដល់ចំណុច ស្ងាត់ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឈប់និយាយជជែកគ្នា ជនសង្ស័យ លាមាត់ថង់ឲ្យមើលម្តងទៀត ឃើញលោហៈក្នុងថង់ ក្រហមច្រាល ជំនុំគ្នា ហើយជនសង្ស័យប្រគល់ថង់ក្រហម ឲ្យនាងកាន់ រួចធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ អស់ពីខ្លួន និងទូរស័ព្ទ មួយគ្រឿង រួចឲ្យនាង ឈររង់ចាំជាមួយម៉ូតូ មួយគ្រឿង និងជនសង្ស័យប្រុសស្រី២នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿងចេញទៅបាត់ ដោយប្រាប់ថា ពួកគេយកមាសទៅកាត់ដូរ សម្រាប់ចែកគ្នា លុះមួយសន្ទុះក្រោយមក ជនសង្ស័យ២នាក់ទៀត ជិះចេញទៅបាត់ដែរ ដោយប្រាប់ថា ទៅតាមមើល ។
នារីរងគ្រោះ ក្រោយពីដោះអស់គ្រឿងអលង្ការ ពីខ្លួន ជនសង្ស័យ៤នាក់ ទៅបាត់អស់ ឈររង់ចាំពួកគេ យកមាស លុយ មកចែកគ្នាយូរពេក ចាំបាត់ៗ ក៏សម្រេចលាស្រាយមាត់ថង់មើល ឃើញលោហៈ ក្រហមដដែល នឹកគិតថា ទាំង៤នាក់ មិនមកវិញ ហើយទោះជា យកគ្រឿងអលង្ការបស់ខ្លួនទៅបាត់ ក៏បានខ្សែកមានមួយខ្សែយ៉ាងធំ តែផ្ទុយទៅវិញ បន្ទាប់ពីអ្នកដំណើរឃើញ សាកសួរ និងបានឃើញ ខ្សែកនោះ ជាក្រឡៃទេ ទើបភ្ញាក់ខ្លួន ស្រែកទ្រហ៊ោយំ ។
ក្រោយពីដឹងថា ខ្លួនចាញ់បោកគេហើយ បានត្រឹមកាន់ ខ្សែកក្រឡៃ ហើយត្រូវបាន អ្នកសារព័ត៌មាន ជួយដឹកឌុបជូន នារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ សុខាសែនជ័យ