ខេត្តមណ្ឌលគិរី៖ សហគមន៍ក្នុងដែន ជម្រកសត្វព្រៃសីមា បានរៀបចំផែនការ សកម្មភាពប្រចាំឆ្នាំ២០២០ លើបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាព ការបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការ ការពារ និងអភិរក្សអាងស្តុកកាបូនក្នុងដែនជម្រកសត្វព្រៃសីមា។
នៅខេត្តមណ្ឌលគិរី នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកជួប ប៉ារីស៍ អគ្គលេខាធិការរងនៃ ក.ជ.អ.ច. បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីផែនការសកម្មភាពប្រចាំឆ្នាំ ២០២០ របស់ដែនជម្រកសត្វព្រៃកែវសីមា ដែលមានចូលរួមមកពីក្រុមល្បាត សហគមន៍តំបន់ការពារ អាជ្ញាធរដែនដី មន្ត្រីឧទ្យានុរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្តក្រចេះ អង្គការដៃគូ និងអង្គការសមាគមអភិរក្សសត្វព្រៃ(wcs)ប្រមាណជា ៧០នាក់។
កិច្ចប្រជុំនេះបានផ្តោតលើលទ្ធផល សម្រេចបានជាប្រចាំឆ្នាំ បញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២០ដោយប្រមូលធាតុចូលពីភាគីពាក់ព័ន្ធក្នុងការ បង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការការពារ និងអភិរក្សអាងស្តុកកាបូនក្នុងដែន ជម្រកសត្វព្រៃសីមា។ លោកអគ្គលេខាធិការរង បានចាត់ទុកថាតំបន់ការពារធម្មជាតិនេះជាតំបន់អាងស្តុកកាបូនដ៏ធំមួយ ក្នុងចំណោមតំបន់ REDD+ ២ផ្សេងទៀត រួមមានភ្នំក្រវាញ និងព្រៃឡង់ ដែលយើងបាននិងកំពុងទទួលផលពីការលក់ឥណទានកាបូនព្រៃឈើ ដូច្នេះយើងត្រូវការពារព្រៃឈើ និងត្រូវបង្កើនជីវភាពសហគមន៍។ យុទ្ធសាស្ត្រមួយដែលយើងត្រូវយកចិត្ត ទុកដាក់គឺបង្កើនការអប់រំដល់កូនចៅជំនាន់ក្រោយរបស់សហគមន៍ ដើម្បីឱ្យគាត់មានការផ្លាស់ប្តូរជីវភាព និងមុខរបរ បង្កើនការអភិរក្ស និងស្រឡាញ់ព្រៃឈើដែលមានប្រយោជន៍ពេញមួយជីវិតយើង និងវាស្រូបយកឧស្ម័នផ្ទះកញ្ចក់ ហើយជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោកបានលើកទឹកចិត្ត ឱ្យមានការចូលរួមពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់ចាប់ពីសហគមន៍ ក្រុមល្បាត មន្ត្រីឧទ្យានុរក្ស អាជ្ញាធរដែនដី និងអង្គការដៃគូ ទើបអាចការពារព្រៃឈើ និងអាងស្តុកកាបូនយើងបាន៕ ហេង សូរិយា