ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តធុនធំមួយគ្រឿង បើកបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង៦ និង៤០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃខ្លា​ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ បុិច​ ទូច ​ ភេទប្រុស​ អាយុ៥៧ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រពាំងជ្រៅ​ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល1B-1158 ។ ចំណែករថយន្តម៉ាកហុីណូ (ប្រភេទបែន) ពណ៌បៃតង ពាក់ស្លាកលេខ​ភ្នំពេញ​ 1A-0312 បើកបរ​ដោយឈ្មោះ​ ផុន​ សុធា​ ភេទប្រុស​ អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ បឹងគ្រុំ​ក្រោម​ ឃុំបឹងគ្រុំ​ ស្រុកល្វាឯម​ ខេត្តកណ្ដាល​ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តធុនធំ មួយគ្រឿងម៉ាកហ៊ីណូ បើកមកពីក្រោយមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកបានចុះពិនិត្យ និងវាស់វែង រួចកសាងសំណុំរឿងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

សេចក្តីសន្ឋិដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបរ​រថយន្ត​ ខ្វះ​ការប្រុងប្រយ័ត្ន​ ៕ ស្អាងជ័យ


ចែករំលែក៖