ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ដៃខាងឆ្វេង និងបែកមុខ របួលដៃស្តាំ ដោយសារ ពលរដ្ឋទាំង២គ្រួសារមានបញ្ហាទំនាស់ដីធ្លីរវាងគ្នា នឹងគ្នានៅដី១ កន្លែងឈនដល់បង្កហិង្សា រងរបួសបុរសម្នាក់ ។
ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ករណីនេះកើតឡើងរហូតឈានដល់ប្រើអំពើហិង្សាដាក់គ្នា បណ្តាលឲ្យរងរបួសបុរសម្នាក់ ឈ្មោះ ឆាយ គា បានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ និងអន្តរាគមន៍ឆាប់រហ័ស ។
បើតាមប្រភពព័ត៌មាន ឆាយ គា អាយុ៥៥ឆ្នាំ រស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឲ្យដឹងថា ដីខាងលើ គឺជាដីកម្មសិទ្ធិប្រពន្ធរបស់គាត់ ឈ្មោះ ផាន់ វេត ដែលជាដីរបបចែកឲ្យដោយឯកឧត្តម អុី ឈាន កាលពីសម័យសមាហរណកម្ម ហើយពេលគាត់ចូលទៅបង្កបង្កើនផល ក៏ចាប់ផ្តើមមានរឿងទំនាស់ជាមួយលោក ជុំ កិល មានប្រពន្ធ ឈ្មោះ ផល ឌីន ចាប់តាំងពីឆ្នាំ២០០៦ ។
រហូតមក លុះកាលពីឆ្នាំ២០០៩ ខណៈគាត់យកគ្រឿងចក្រទៅឈូសឆាយដីរបស់ខ្លួន ស្រាប់តែខាងលោក ជុំ កិល បាននាំបក្ខពួក មកប្រើអំពើហិង្សាដោយចេតនា ទើបគាត់ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារតែម្តង ។ លោកបន្តទៀតថា លុះមកដល់ថ្ងៃកើតហេតុទី៩ ខែកក្កដា ឆ្នាំ២០១៩ ខាងលោកបានឈ្នះរឿងក្តី ហើយក៏យកគ្រឿងចក្រទៅឈូសឆាយបន្ត ស្រាប់តែមានបញ្ហាទំនាស់កើតឡើងសារជាថ្មី បណ្តាលឲ្យស្ត្រីឈ្មោះផល ឌីន យកដំបងវាយ ធ្វើឲ្យរបួសដៃឆ្វេង ។
ចំណែកលោក ជុំ កិល អាយុ៥៣ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យដឹងថា ដីទំនាស់ខាងលើជាដីរបស់ខ្លួន ត្រូវបានមេ ចែកឲ្យកាលពីឆ្នាំ១៩៩៣ ដែលមានទទឹង២៧ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ហើយត្រូវបានលោក ឆាយ គា មករំលោភយកដី ដោយធ្វើការប្តឹងម្តងហើយម្តងទៀត រហូតដល់គេចាប់គាត់ដាក់គុកអស់រយៈជាច្រើនខែ លុះរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នេះ ស្រាប់តែលោក ឆាយ គា បានយកគ្រឿងចក្រទៅឈូសឆាយបំពានលើដីរបស់ខ្លួន លុះចុះទៅការពារដី ក៏ត្រូវគេប្តឹងសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ ។
ជាមួយគ្នាភាគីទំនាស់ទាំងសង ក៏បានសំណូមពរឲ្យអាជ្ញាធរ ជួយដោះស្រាយ និងអន្តរាគមន៍ឲ្យបានឆាប់រហ័សផងដែរ ៕ ស សារ៉េត