ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធ និងកាប់ចាក់នៅចំណុចកុងស៊ីកាប់គោ ត្រូវសមត្ថកិច្ចចាប់បានហើយ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងបក្ខពួក៤នាក់ដែលបាញ់កាប់ចាក់ និងគប់ដុំថ្មទៅលើក្រុមកម្មករកាប់គោក្នុងកុងស៊ីកាប់គោកាលពីវេលាម៉ោង ២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ រួមទាំងវត្ថុតាងមានកាំខ្លីម៉ាកកា៥៤មួយដើម និងបង់ ។

ការឃាត់ខ្លួនជនសង្ស័យធ្វើនៅម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ខៃ សាក់ អាយុ២៧ឆ្នាំ ម្ចាស់អាវុធ ម៉ាកK54 ជាមន្ត្រីប៉ុស្តិ៍នគរបាល និងទី២.ឈ្មោះ គង់ បណ្តាល អាយុ២២ឆ្នាំ រួមទាំងអាវុធខ្លីចំនួន ១ដើម ម៉ាក K54 ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យពីរនាក់ខាងលើ រួមជាមួយបក្ខពួក២នាក់ទៀត៖ ១-ឈ្មោះ ផេង និង២-ឈ្មោះ មករា (គេចខ្លួន) បាននាំគ្នាមកផឹកស្រាបៀរ នៅហាងនួនប្រុស៣ ។

គួររំលឹកថា នៅម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងលិចចម្ងាយប្រហែល១០០ម៉ែត្រ ពីរង្វង់មូលនាងគ្រុឌ នៅក្នុងទីក្រុងរណប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយកាំភ្លើង កាំបិត ពូថៅដាវសាំម៉ូរ៉ៃ និងដុំថ្មបានបើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាមានទាំងបាញ់កាប់ចាក់គប់ដុំថ្មជាមួយកម្មករកាប់គោមួយក្រុមក្នុងកុងស៊ីរបស់លោកហ៊យហៀង បណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ហៀត អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករកាប់គោក្នុងកុងស៊ីរបស់លោក ហ៊យ ហៀង ស្នាក់នៅកុងស៊ីកាប់គោ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាមានស្រុកកំណើតនៅភូមិតានួងក្រៅ ឃុំតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ជនសង្ស័យម្នាក់ដែលជនរងគ្រោះស្គាល់ឈ្មោះដា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ធ្លាប់រស់នៅជាក្មេងមណ្ឌល គៀនឃ្លាំង ។

តាមសម្តីបងប្អូនជីដូនមួយរបស់ជនរងគ្រោះដែលមានឈ្មោះ សេន បានរៀបរាប់ថាដំបូងឡើយពួកគាត់ជាច្រើនអ្នកបាននាំគ្នាមកផឹកស៊ីស្រាក្រឡុកនៅក្នុងកុងស៊ីកាប់គោ មួយសន្ទុះធំក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូធំ មិនចាំម៉ា មកដល់កន្លែងកើតហេតុខាងលើក៏រោទ៍ម៉ូតូង៉ោងៗ ជិះទៅជិះម៉ោ ខណៈនោះជនរងគ្រោះក៏ស្រែកសួរថា រោទ៍ម៉ូតូធ្វើអី ថ្មើរហ្នឹងយប់ជ្រៅហើយ តែជនសង្ស័យមិនឆ្លើយតបទេ ក៏ជិះម៉ូតូចេញទៅបាត់ ។

ប្រភពបន្តថា មួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យមកវិញជិះម៉ូតូចំនួន៣គ្រឿង ម៉ូតូធំ១ ម៉ូតPCX១ និងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកមិនចាំស្លាកលេខបានមកដល់កុងស៊ីខាងលើក៏ចុះដេញគប់ និងដុំថ្មឲ្យ បណ្តាលឲ្យជនរងគ្រោះដួលហើយក៏កាប់ជាច្រើនកាំបិតព្រមទាំងផ្ទុះអាវុធចំនួន៣គ្រាប់ បំណងសម្លាប់ចោល ចំណែកបក្ខពួកជនរងគ្រោះបានរត់ចែកជើងគ្នា ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះខាងលើដេកដួលក្នុងថ្លុកឈាម រងរបួសធ្ងន់ បន្ទាប់ពីផ្ទុះអាវុធរួចមកជនសង្ស័យទាំងអស់ ក៏បានជិះម៉ូតូគេចខ្លួនរត់បាត់ស្រមោល ។ ពេលនោះបក្ខពួកជនរងគ្រោះក៏ត្រឡប់មកវិញបានលើកជនរងគ្រោះដាក់លើ ម៉ូតូដឹកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះអាយុជីវិត ។ ពេលនោះគេ សង្កេត ឃើញអ្នកលក់ស្រាក្រឡុកប្រញាប់ប្រញាលរើឥវ៉ាន់ទៅផ្ទះបាត់ ។

ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមជនសង្ស័យម្នាក់ ដែលពួកគាត់ស្គាល់ធ្លាប់រៀនជាមួយគ្នា ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហតុបានយកសំបកគ្រាប់ និងសួរនាំទៅបក្ខពួកជនរងគ្រោះហើយឲ្យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាដើម្បីតាមចាប់យកមកដាក់ទោសទាន់តាមផ្លូវច្បាប់៕ ជ្រោយពេជ្រ


ចែករំលែក៖