ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូបោះពួយយ៉ាងលឿន វ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុក លើកដែក​ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ឆុន នាង ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៧ ភូមិតាពេជខាងជើង ឃុំរក្ស័ជ័យ ស្រុកបាភ្នំ​ ខេត្តព្រៃវែង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកព្រៃវែង1I-2609 ។ ចំណែកភាគីខាងរថយន្តម៉ាកCOLORDO ពណ៌ត្រេអុី ពាក់ស្លាកលេខ ខ.ម 01.2 .6329 បើកបរដោយជនមិនស្គាល់អត្តសអញ្ញាណ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានបើកបន្ថែមល្បឿនជែងរថយន្តនៅខាងមុខ ខណៈនោះក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក COLORDO ចំផ្នែកចំហៀងផ្នែកខាងឆ្វេងពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៏កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរាបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចបញ្ជាក់ថាករណីនេះ បណ្តាលមកពីភាគីខាងម៉ូតូ បើកបរក្នុងល្បឿនលឿន ហើយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបានជាជ្រុលទៅបុករថយន្តបើកច្រាស់ទិសគ្នាស្លាប់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖