ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបចេញមុខបកស្រាយពីការរិះគន់របស់ពលរដ្នដែលថា ផ្លូវថ្នល់ក្នុងខេត្តសៀមរាប មិនទាន់ស័ក្តិសមជាទីក្រុងទេសចរណ៍ឡើយ

ចែករំលែក៖

ខេត្តសៀមរាប៖ តាមការលើកឡើងរបស់មន្រ្ដីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបថា ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅខេត្តសៀមរាបមានអ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវ និងមានស្ថាប័នជាច្រើនជាអ្នកគ្រប់គ្រោង និងទទួលខុសត្រូវ ។

ចំពោះទស្សនៈពលរដ្នវិញបានលើកឡើងថា ដោយសារមានអ្នកគ្រប់គ្រងអ្នកទទួលខុសត្រូវច្រើនពេក ទើបផ្លូវថ្នល់ខូចខាតជាច្រើនខ្សែត្រូវបានទុកចោលរហូតខូចធំឡើងៗ មិនខុសពីពាក្យពេចន៍របស់ សម្ដេច តេជោហ៊ុន សែន ដែលបានមានប្រសាសន៍ថា ផ្លូវខូចតិចតួចមិននាំគ្នាធ្វើ ឬជួសជុលទេ ទុកទាល់តែខូចធំ នឹងអាលធ្វើគំរោងស្នើសុំលុយធំពីរដ្នាភិបាល ! នេះក៏មិនខុសពីពាក្យចាស់ពោលថា «គ្នាច្រើនអន្សមខ្លោច គ្នាតិចអន្សមឆ្អិន»នោះទេ ។

ពាក់ព័ន្ធ នឹងការរិះគន់ខាងលើ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរជាសេនាធិការបច្ចេកទេសអោយរដ្ឋបាលខេត្តសៀមរាបការងារស្ថាបនាផ្លូវ ថ្នល់ លូ ស្ពាន ។ ល ។ រាល់គម្រោងការងាររបស់មន្ទីរស្ថិតក្រោមការត្រួតពិនិត្យពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ចហរិញ្ញវត្ថុ និង ស្ថាប័នជាច្រើនទៀតក្នុងការគ្រប់គ្រង ថែទាំផ្លូវថ្នល់ ដូចជា៖១. រដ្ឋបាលខេត្តសៀមរាប ។ ២. មន្ទីរសាធារណការ និងដឹកជញ្ជូន ។ ៣. មន្ទីរអភិវឌ្ឍន៏ជនបទ ។ ៤. អាជ្ញាធរជាតិអប្សរា ។ ៥. អាជ្ញាធរឃុំ សង្កាត់ ។

មន្ទីរសាធារណការខេត្តសៀមរាបបន្តថាទោះជាកន្លងមករដ្ឋបាលខេត្តសៀមរាប ក៏ដូចជាស្ថាប័នពាក់ព័ន្ធខិតខំស្ថាបនាផ្លូវ-លូ ជាច្រើនក៏នៅតែមិនទាន់ឆ្លើយតបទៅនឹងតម្រូវការកំណើនរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឡើយ ។ ជាការពិតណាស់ផ្លូវជាច្រើនខ្សែក្នុងក្រុងសៀមរាបមិនទាន់បានល្អឲ្យស័ក្តិសមទៅនឹងទីក្រុងទេសចរណ៍ ដោយហេតុថាទំហំតម្រូវការរបស់យើងមានដែនកំណត់ ហើយលទ្ធភាពថវិកាមានកម្រិត ហេតុនេះទើបយើងធ្វើការអភិវឌ្ឍន៍ទៅតាមផែនការ និងអតិភាពគម្រោងទៅតាមដំណាក់កាលៗ ។

សូមជម្រាបបងប្អូនប្រជាពលរដ្ឋជ្រាបថា ផ្លូវថ្នល់ត្រូវការថែទាំជាប្រចាំ និងមានអាយុការរបស់វា ផ្លូវប្រភេទកៅស៊ូ៣ជាន់(DBST) មានអាយុការ៥ឆ្នាំប្រសិនបើមិនរងការដឹកលើសទំងន់ និងរងការបំភ្លេចបំផ្លាញពីសំណាក់អ្នករស់នៅតាមសង្ខាងផ្លូវ(ចាក់ដីខ្ពស់ជាងផ្លូវជាដើម)បង្កអោយផ្លូវក្លាយជាប្រឡាយទឹក ។

ដោយឡែកផ្លូវដែលបានលើកឡើងនេះជាខ្សែផ្លូវមួយស្ថិតក្នុងចំណោមខ្សែផ្លូវអតិភាពគម្រោងក្នុងក្រុង ដែលត្រូវកែលម្អឲ្យប្រសើរ ផ្លូវក្រវ៉ាត់ក្រុងផ្នែកខាងត្បូវផ្លូវជាតិលេខ៦ មានប្រវែងសរុបប្រមាណ ១៥គម (ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ចុងកៅស៊ូ-ចំណុចប្រសព្វមុខទីចាត់ការគយ ទឹកវិល) ផ្លូវនេះបានរងការខូចខាតធ្ងន់ធ្ងរតាំងតែពីឆ្នាំ ២០១១ មកម្លេះ (រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០១១) ហើយនៅឆ្នាំ ២០១៦-២០១៨ ក្នុងស្ថានភាពផ្លូវដែលបានរងការខូចខាតរួចទៅហើយ មន្ទីរត្រូវទទួលបន្ទុកថែទាំជាប្រចាំផ្លូវនេះ គឺគ្រាន់តែលុបកំហុកដើម្បីទ្រទ្រង់សំរួលចរាចរណ៍ មិនមានការជួសជុលទ្រង់ទ្រាយធំទេ បច្ចុប្បន្នស្ថានភាពផ្លូវនេះរងការខូចខាតកាន់តែធ្ងន់ ដែលហួសពីលទ្ធភាពថែទាំរបស់មន្ទីរ មន្ទីរបានរាយការណ៍ទៅថ្នាក់ដឹកនាំរួចហើយដើម្បីរកលទ្ធភាពថវិកាជួសជុលធំ សម្រាប់ផ្លូវទាំងស្រុងប៉ុន្តែរហូតមកដល់ពេលនេះយើងស្ថិតក្នុងដំណាក់កាលរងចាំនៅឡើយ ។

ទាក់ទងនឹងគម្រោងដែលកំពុងអនុវត្តដោយយោងទៅលើលទ្ធភាពថវិកាមន្ទីរបានទទួលការវិភាគថវិកាជាតិសម្រាប់អនុវត្តផែនការពហុឆ្នាំ ដំណាក់កាលទី១ (ឆ្នាំ២០១៨) ដាក់លូមុខកាត់ ១ម ប្រវែង១គម បានដាក់រួច ។

ដំណាក់កាលទី២(២០១៩) ធ្វើផ្លូវប្រវែង ២២៣០ម ទទឹង១៤ម ប្រភេទ DBST និងដាក់លូបន្តរឲ្យគ្រប់តាមប្រវែងផ្លូវ ។

* ក្នុងការអនុវត្តគម្រោងនេះ មន្ទីរបានប្រឹងប្រែងយកចិត្តទុកដាក់អស់លទ្ធភាពទោះយ៉ាងណាមន្ទីរក៏ទទួលស្គាល់ថាមានការយ៉ឺតយ៉ាវដោយមូលហេតុដូចខាងក្រោម៖ផលប៉ះពាល់ជារឿងដែលស្មុគស្មាញ និងជាបញ្ហាចម្បងដែលធ្វើឲ្យការងារយ៉ឺតយ៉ាវ ដែលមានផលប៉ះពាល់ទាំងលើអាកាស, លើដី, ក្រោមដី ( សំយាបផ្ទះ, ហាងលក់ដូរ, ខ្សែភ្លើង,បង្គោលភ្លើង បំភ្លឺសាធារណៈ, ខ្សែទូរគមនាគម៍, បណ្តាញទឹកស្អាត ។ ល ។

– ជាផែនការពហុឆ្នាំ(២០១៨-២០១៩)ដែលយើងត្រូវអនុវត្តបន្តរធ្វើឲ្យប្រជាពលរដ្ឋទទួលអារម្មណ៍ថាធ្វើមិនចេះចប់ ។

– មួយរយៈកន្លងមកនេះមានភ្លៀងធ្លាក់ជាប្រចាំធ្វើឲ្យការអនុវត្តនៅ ការដ្ឋានជាក់ស្តែងមិនមានលក្ខណៈពេញលេញតាមសកម្មភាពប្រចាំថ្ងៃ ។

– ការងារមិនត្រឹមតែជួសជុលលើកម្រាលផ្លូវចាស់ទេ គឺពង្រីកទំហំ២ដងដែលបង្កើនផលប៉ះពាល់ជាច្រើនប្រឈម និងតម្រូវការពង្រីកជាបួនគន្លងទើបផ្លូវនេះអូសបន្លាយពេលយូរបន្តិច ។ សម្រាប់ផ្លូវខ្នារចាស់ (ផ្លូវសម្ដេចជាស៊ីម) បានបន្តនីតិវិធីក្នុងការពិនិត្យលើលទ្ធភាពអនុវត្ដផងដែរ ដោយសារតែផ្លូវនេះមានប្រវែង និងជាផ្លូវមេទាមទារការចំណាយខ្ពស់ទើបមានការពិចារណាពិនិត្យវិនិច្ឆ័យអោយបានគ្រប់គ្រាន់ ។

សម្រាប់ផ្លូវក្បែរ តូតាល់(ផ្លូវមុខស៊ីណាអាស៊ាន) ផ្លូវនេះបានបន្តក្នុងផែនការឆ្នាំ២០២០ របស់រដ្ឋបាលខេត្ដហើយព្រោះនៅក្បែរផ្លូវនោះមានការអនុវត្ដផ្លូវស្មៃលិញក្នុងឆ្នាំ២០១៩ រួចហើយដែរ ។

អាស្រ័យហេតុផលដូចបានគោរពជំរាបជូនខាងលើនេះ សូមបងប្អូនទាំងអស់ ពិសេសបងប្អូនដែលនៅតាមបណ្តោយផ្លូវនៅ ក្នុងគម្រោងខាងលើនេះ មេតា្តយោគយល់ និងអធ្យាស្រ័យ និងសំណូមពរដល់ អាជ្ញាធរដែនដីក្នុងដែនសមត្ថកិច្ច, បងប្អូនប្រជាពលរដ្ឋ, អាជីវករ, អង្គភាពស្ថាប័ន្ដពាក់ព័ន្ធទាំងអស់មេត្តាបង្កើនការសហការ ៕ ប៊ុនរិទ្ធី


ចែករំលែក៖