ខេត្តព្រះសីហនុ៖ ជនរងគ្រោះម្នាក់បានដេកស្លាប់នៅនិងមុខឡានឡិចសុីស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AB -8029 នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលសមត្ថកិច្ចជំនាញខាងធ្វើកោសលវិច្ច័យអះអាងថា៖ ជាអំពើធ្វើអត្តឃាតសម្លាប់ខ្លួនឯង និងមានជម្ងឺប្រចាំកាយនោះ ត្រូវក្រុមគ្រួសារសព ចាត់ទុកថានេះជាអំពើឃាតកម្ម ដោយសូមអង្វរដ៏ទទូចឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ស្រាវជ្រាវរឿងនេះ ផ្តល់យុត្តិធម៍ដើម្បីឲ្យសព លោក ហេង សៅគរិរី វិញ្ញាណខ័ន្តគាត់បានទៅសុគតិភពផង ។
ម្ចាស់អាខោនឈ្មោះ (Ratha Chhean) អាចជាបងសាកសពជនរងគ្រោះបានសសេរក្នុងហ្វេសប៊ុកខ្លួនថា៖ ពៅទៅរហូតហើយ ។ នេះជាការពិត! ខ្ញុំព្រមទទួលស្គាល់ហើយថាពៅពិតជាបានស្លាប់ប្រាកដមែន ។ តែអ្វីដែលខ្ញុំនិងក្រុមគ្រួសារនៅតែមិនអាចទទួលយកបាននូវពត៌មានដែលចុះផ្សាយថា៖ ពៅធ្វើអត្តឃាត!?! តើជាអត្តឃាត ឫ ជាឃាតកម្ម!?!
យើងខ្ញុំនៅតែសំណូមយ៉ាងទទូចសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័បន្តស្រាវជ្រាវរកការពិតដើម្បីឲ្យវិញាក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភពផងចុះ ដោយក្តីអនុគ្រោះ ។
សូមបញ្ជាក់ថា៖ ស្ថានភាពសាកសពនៅកន្លែងកើតហេតុ គឺមានស្នាមគ្រាប់កាំភ្លើងត្រង់ក្បាល ស្ទើរតែខ្សោះឈាម ស្លេកស្លាំង និងដៃឆ្វេងកាន់កាំភ្លើង និងដៃម្ខាងទៀតឲ្យទ្រូង មើលទៅមិនសមជាអំពើធ្វើអត្តឃាតទេ អាចជាអំពើឃាតកម្មច្រើនជាង ព្រោះបើជនរងគ្រោះបាញ់សម្លាប់ខ្លួនឯង មិនមែនសាកសព មកស្លាប់ដោយរូបភាពរបៀបនេះទេ គឺកាំភ្លើងធ្លាក់ពីដៃ សពស្លាប់ក្នុងថ្លុកឈាម ដៃជើងអាចទាញរួញ ដោយអំណាចត្រដរខ្យល់មុនស្លាប់ ។ ប៉ុន្តែការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញហាក់មិនសុីចង្វាក់និងទិដ្ឋភាពជាក់ស្តែងនៃស្ថានភាពស្លាប់នៅកន្លែងកើតហេតុសោះ ។
ជនរងគ្រោះជា វរសេនីយ៍ត្រី ហេង សៅគិរី បម្រើការងារនៅ នាយកដ្ឋានច្រកទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីរួចហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ តែមិនអស់ចិត្តត្រង់ថាគាត់ស្លាប់ ដោយអំពើធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយសូមអង្វរសមត្ថកិច្ចមេត្តាបន្តស្រាវជ្រាវរឿងនេះដោយក្តីអនុគ្រោះផង៕ សុខ ខេមរា