ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យប្រើប្រាស់អគារមធ្យមសិក្សាមានតម្លៃជិត៨០ម៉ឺនដុល្លារនៅស្រុកកំពង់ ត្រឡាចអំណោយ សប្បុរសធម៌ប្រទេសអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ចូលរួមដោយគណ:ប្រតិភូ លោក SAUD BIN FAHAD AL-SUWAILEM ឯកអគ្គរាជទូតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា វិទ្យាល័យ អាពូប៉ាកើរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជា អំណោយសប្បុរសធម៌ របស់មហាមិត្ដប្រទេសអារ៉ាប៊ីសាអូឌីត ។ ពិធីនេះបានប្រព្រឹត្ដថ្ងៃអង្គារ ៧ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អគារសិក្សា វិទ្យា ល័យ អាពូប៉ាកើរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរ នេះ ជាអំណោយសប្បុរសធម៌របស់មហាមិត្ដប្រទេសអារ៉ាប៊ីសាអូឌីត ។ អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៣ ដែលមាន ៤៥ ន្ទប់ ចែកចេញជា បន្ទប់រៀន បន្ទប់ស្នាក់នៅសម្រាប់សិស្ស បន្ទប់ស្នាក់នៅសម្រាប់លោកគ្រូអ្នកគ្រូ ការិយាល័យសមាគម ការិយាល័យអប់រំផ្នែកចំណេះទូទៅ ការិយាល័យអប់រំផ្នែកសាសនាឥស្លាម បន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងសាលប្រជុំ ដែលការសាងសង់នេះ ចំណាយថវិកាសរុបចំនួន ៧៩២,០៥០ ដុល្លារ ក្នុងនោះ ជំនួយមកពីរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ១០០,០០០ ដុល្លារ សប្បុរសជនប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួន ៥៦៨,០២៣ដុល្លារសប្បុរសជនប្រទេសអារ៉ាប់រួមអេមីរ៉េត ចំនួន ១០៩,៣៨៨ ដុល្លារ សមាគមសម្រប សម្រួលនិងអភិវឌ្ឍន៍សង្កមនៃប្រទេសគុយវ៉ែតចំនួន ១៥,០០០ ដុល្លារ ។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនម្ចាស់ជំនួយទាំងអស់ ដែនបានខិតខំប្រឹង ប្រែង និងឧបត្ថម្ភគាំទ្រដល់វិស័យសិក្សានៅកម្ពុជា ដោយកក្តាសន្តិភាពធ្វើឲ្យប្រទេសយើងមានការរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរ និយាយដោយឡែក ចំពោះសហគមន៍ឥស្លាម មួយរយៈចុងក្រោយនេះឃើញថាមានការវិវត្តន៍យ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យអប់រំ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អ្វីដែលសំខាន់បំផុត គឺប្រទេសយើងមានមេដឹកដ៏ឆ្លៀសវៃ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរក្សាបាននូវ ឯករាជ្យភាព អធិបតេយ្យភាពប្រទេសរបស់ខ្លួន ដោយបានទប់ស្កាត់រាល់ការញុះញុងបំបែកបំបាក់ជាតិពីឥទ្ធិពលអាក្រក់មួយចំនួន។ ក្មួយៗជាសិស្សានុសិស្ស ត្រូវតែខិតខំរៀនសូត្រ ធ្វើយ៉ាងណាដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រទេសជាតិយើង ដែលកំពុងតែមានការរីកចំរើន ជាពិសេស បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម សូមក្មួយៗប្រើប្រាស់វិស័យនេះឲ្យមានប្រយោជន៍ក្មុងផ្លូវវិជ្ជមានដើម្បីបម្រើដល់ប្រយោជន៍សង្គម ចៀសវាងការប្រើប្រាស់ ក្នុងផ្លូវអវិជ្ជមាន ដូចជាការញុះញុង បង្កចលាចលដល់សង្គមជាតិរបស់យើងជាដើម ៕ សំរិត


ចែករំលែក៖