ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញខណ្ឌជ្រោយចង្វា ចុះវាស់វែងកំណត់ផ្លូវ បន្ទាប់ពីលោកឧកញ៉ាជា រិទ្ធីបន្តចាក់គ្រឹះស៊ីម៉ង់ត៍បណ្តុះបង្គោលព្រំដីលើទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា រួមទាំងមន្រ្តីជំនាញ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩បានចុះទៅវាស់វែង បាញ់ថ្នាំកំណត់ផ្លូវទំហំទទឹង២០ម៉ែត្រ ទៅតាមប្លង់មេ របស់សាលារាជធានីភ្នំពេញ នៅត្រង់ចំណុច ដី លោកឧកញ៉ា ជា រិទ្ធី ដែលធ្លាប់តែមានរឿងចម្រូងចម្រាស់គ្នា ជាមួយអ្នកជិតខាង និងប្រជាពលរដ្ឋកន្លងមក ដោយចោទលោកឧកញ៉ាបានបន្តចាក់ស៊ីម៉ងត៍ បណ្តុះគ្រឹះធ្វើជាព្រំរំលោភយកដីផ្លូវប្រមាណ៣ទៅ៤ម៉ែត្រជាបន្តបន្ទាប់ ។

ការចុះទៅវាស់វែងកំណត់ផ្លូវនេះ ដឹកនាំ ដោយលោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារបន្ទាប់ពី ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មានការព្រួយបារម្ភពីការបាត់បង់ផ្លូវ និង បានទទួចសុំឲ្យអាជ្ញាធរមានវិធានការណ៍ទប់ស្កាត់ ។ នៅក្នុងការចុះវាស់វែងនោះក៏មានការចូលរួមពីប្រជាពលរដ្ឋ ។ ដោយឡែកខាងលោកឧកញ៉ា ជារិទ្ធីមានមេធាវីចូលរួមជាដំណាងផងដែរ ។ នៅរសៀលនោះ គេឃើញ អាជ្ញាធរ និងមន្រ្តីភូបាលខណ្ឌជ្រោយចង្វារ ក៏បានប្រើឧបករណ៍ដើម្បី រកអក្សរផ្លូវ និងព្រំដីរបស់លោកឧកញ៉ា និងព្រំដីប្រជាពលរដ្ឋដែលរស់នៅម្ខាងទៀតដោយបាញ់កំណត់ដោយទុកផ្លូវទទឹងប្រវែង ២០ម៉ែត្រ ។ អ្វី ដែលមានការចាប់អារម្មណ៍ នោះ នៅក្នុងការវាស់វែង រកព្រំនោះគេឃើញដីផ្លូវចូលទៅក្នុងរបងរបស់លោកឧកញ៉ា ជា រិទ្ធី ដែលកន្លែងខ្លះ ប្រមាណជាង១ម៉ែត្រឯណោះ ។ ចំណែកប្រជាពលរដ្ឋ ក៏បានចូលតែពួកគាត់សប្បាយចិត្ត ព្រោះនេះជាគម្រោងពង្រីកផ្លូវ នៅពេលអនាគត ។

លោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌ ជ្រោយចង្វា បានឲ្យដឹងថា ការចុះមកវាស់វែង នេះធ្វើឡើង តាមការណែនាំ របស់លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ដើម្បីកំណត់ ព្រំ និងអក្សរផ្លូវ ទៅតាមប្លង់មេរបស់សាលារាជធានីភ្នំពេញហើយ អាជ្ញាធរវាស់វែងតែត្រង់ចំណុច ដីរបស់លោកឧកញ៉ាជា រិទ្ធី នោះទេ ។

លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាធ្លាប់បានឲ្យដឹងថា ផ្លូវនេះជាផ្លូវមេមានប្រវែង៦គីឡូម៉ែត្រជាងត្រូវតែបើកឲ្យធំគ្មានបុគ្គលណាខ្លាំងចង់យកផ្លូវនោះទេ ។

គួរបញ្ជាក់ ការចម្រូងចម្រាស់នេះ បន្ទាប់ពីលោកឧកញ៉ាជា រិទ្ធីបានបញ្ជាឲ្យកម្មករ នាំគ្នាយកដុំថ្មទៅតម្រៀបនៅលើទ្រូងផ្លូវធ្វើជាព្រំព្រមទាំងកាប់មែកឈើ និងធាងត្នោតដាក់ពីលើ ដើម្បីការពារដីរបស់ខ្លួនដោយចេញពីរបងដីរបស់គាត់ប្រមាណ៣ទៅ៤ម៉ែត្រ ។ ទន្ទឹមនោះក៏មានទំនាស់ពាក្យសំដីគ្នា យ៉ាងតឹងសសៃករកាលពីព្រឹកថ្ងៃ ទី២៥ខែមេសា ឆ្នាំ ២០១៩ដោយប្រជាពលរដ្ឋចោទលោកឧកញ៉ាប៉ុន ប៉ងរំលោភយកដីផ្លូវ ។ លុះក្រោយមកនៅពេលថ្មីនេះលោកឧកញ៉ាក៏បានចាក់បេតុងបណ្តុះគ្រឹះព្រំបន្តទៀតប្រជាពលរដ្ឋក៏បានទទួចសុំអាជ្ញាធរ ចុះអន្តរាគមន៍ ទប់ស្កាត់ក៏ត្រូវបានលោកអភិបាលខណ្ឌបញ្ជាអភិបាលរងចុះទៅវាស់វែងកំណត់ផ្លូវឲ្យបានច្បាស់លាស់នៅពេលនេះ ។ ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋក៏ទទួចសុំអាជ្ញាធរមេត្តាជួយអន្តរាគមន៍ ឲ្យលោកឧកញ៉ាយកដុំថ្មចេញពីទ្រូងផង កុំទុកលើផ្លូវបែបនេះរាប់ខែបែបនេះ អាចបង្កឲ្យកើតមានគ្រោះថ្នាក់ ព្រោះពេលនេះផ្លូវបានកំណត់ហើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖