ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួលត្រូវរថយន្តមិនស្គាល់ម៉ាក កិនធ្លាយខួរស្លាប់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះម្ដាយក្មេក តែបានជិះម៉ូតូទាក់ដៃចង្កូតម៉ូតូ១គ្រឿងទៀតបណ្ដាលឲ្យដួល ត្រូវរថយន្តមិនស្គាល់ម៉ាកកិនចំក្បាលស្លាប់ កាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩​ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ​ ចំណាន​ វាន់ដេត​ ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរធ្វើការធនាគារ មានស្រុកកំណើតនៅភូមិជើងកែប​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ1CF -6601​ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មមបំណងទៅលេងផ្ទះម្ដាយក្មេក​ លុះមកដល់ចំណុចកើតហេតុ​ ក្បែរ​ រង្វង់មូលគួរស្រូវ​ តាមបណ្ដោយផ្លូវជាតិលេខ២ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុបបើកវ៉ាក៏ទាក់ដៃចង្កូតបណ្ដាលឲ្យជនរងគ្រោះខាងលើដួល ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយចំក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដង​ ចំណែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល​ ចំណែកម៉ូតូហុងដាគុប ក៏ជិះរត់គេចខ្លួនបាត់ដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានចុះមកវាស់វែង​ និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ

ចែករំលែក៖