ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីហាងលក់ទូរស័ព្ទមួយកន្លែង ដែលទើបនឹងត្រៀមបើក ខណៈដែលដឹកឥវ៉ាន់ ដាក់ទូរស័ព្ទរៀបចូលទូ បាន២ថ្ងៃមិនទាន់បើកសម្ពោធហាងផង ត្រូវបានជនសង្ស័យគាស់ ហែកដំបូល ចូលលួចទូរស័ព្ទអស់ជាង៥០គ្រឿង សុទ្ធតែថ្មីទាំងអស់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះថ្មី មិនទាន់ដាក់យីហោ តាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមការបំភ្លឺ ពីស្ត្រីឈ្មោះ ពៅ ម៉ាលី អាយុ៤៦ឆ្នាំ ជាម្ចាស់ហាង បានឲ្យដឹងថា ហាងទើបបើកការរៀបចំ ដាក់ឥវ៉ាន់ សម្ភារ ទូរស័ព្ទ ថ្មីៗ ចូលក្នុងទូ បាន២ថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ពោធលក់ នៅថ្ងៃខាងមុខ ។
សាក្សីបន្តថា ជារៀងរាល់ថ្ងៃពួកគាត់បាននាំគ្នាសម្រានខាងក្រោយ លុះមកដល់ថ្ងៃកើតហេតុ ខណៈភ្ញាក់ពីដំណេក នៅបន្ទប់ផ្នែកខាងក្រោយ ចេញមកឃើញ ទ្វារចំហរ ដំបូលលើ ប្រហោងធ្លុង ចងខ្សែសំរ៉ូតចុះ លួចយកទូរស័ព្ទ ក្នុងទូ សុទ្ធតែថ្មីៗ ក្នុងប្រអប់ សរុបចំនួនជាង៥០គ្រឿង ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលផ្ទាល់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុសួរនាំ និងធ្វើកំណត់ហេតុដើម្បីងាយស្រួលតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ