តាមនាយជាលដឹង កន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានប្រកាសផ្តល់រង្វាន់រាល់ការបង្រ្កាបបទល្មើសគ្រឿងញៀនធំៗដល់មន្រ្តី ឬ ជនទាំងឡាយណាបានធ្វើកិច្ចការនេះបានដោយជោគជ័យ និងឈានដល់ចាប់ជនល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ ។
ជាការកត់សម្គាល់ ការបង្ក្រាបបទល្មើសគ្រឿងញៀនរបស់សមត្ថកិច្ចជំនាញ តែងទទួលបាន ជោគជ័យខ្លះ មិនជោគជ័យខ្លះ ដែលជាការរួមចំណែកកាត់បន្ថយបទល្មើសមួយនេះបានមួយ កម្រឹតប៉ុណ្ណោះ ។ ប៉ុន្តែគេនៅតែឃើញមានលំហូរចូលនៃគ្រឿងញៀនមកកម្ពុជា និងឆ្លងដែន ទៅកាន់ក្រៅប្រទេសនៅឡើយ បើទោះបីសមត្ថកិច្ចជំនាញ សហការគ្នាបង្រ្កាបក៏ដោយ ។
នាយជាល សុំមិនលើកមកនិយាយពីការបង្រ្កាបធំៗ នាពេលកន្លងមកនោះទេ ដោយសុំនិយាយពីការបង្រ្កាបបានគ្រឿងញៀនជាង២០គីឡូក្រាម កាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាល ខណ្ឌដង្កោ នាពេលថ្មីនេះ ។ តើលទ្ធផលបង្រ្កាបដោយជោគជ័យនេះ កើតចេញពីណា? តើគួរសរសើរឬផ្តល់រង្វាន់តែសមត្ថកិច្ចជាអ្នកបង្រ្កាបទេឬ?
ចាត់ទុកជាមោទកភាពហើយដែលសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់បានគ្រឿងញៀនចំនួន ២១គីឡូក្រាម និងឃាត់បានមេខ្លោង ជាជនជាតិស្បែកខ្មៅចំនួន៣នាក់ យកទៅ ផ្តន្ទាទោសតាមច្បាប់ ។ ប៉ុន្តែ នាយជាល សុំសួរថា មូលហេតុអីបានជាឈានដល់បង្រ្កាបបានជោគជ័យ? កើតចេញពីកម្លាំងសម្ងាត់របស់សមត្ថកិច្ច ?
តាមនាយជាលដឹង ការបែកធ្លាយឈានដល់បង្រ្កាបបានជោគជ័យនេះ កើតចេញពីស្រ្តីខ្មែរជាសង្សាររបស់ជនជាតិស្បែកខ្មៅ បន្ទាប់ពីមានទំនាស់ឈានដល់ប្រើអំពើហិង្សាដាក់គ្នា ហើយ ស្រី្តរូបនេះទ្រាំមិនបានក៏ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ពីសកម្មភាពសង្សាររបស់នាងរកស៊ីគ្រឿងញៀនខុសច្បាប់ ទើបសមត្ថកិច្ចបង្រ្កាបបាន ។
នាយជាលគិតថា នេះជាជោគជ័យ តែមិនមែនជាជោគជ័យតែសមត្ថកិច្ចនោះទេ បើគ្មានការ រាយការណ៍ពីស្រ្តីជាសង្សារម្នាក់នេះ ។ ដូច្នេះថ្នាក់លើ តិចផ្តល់រង្វាន់ស្នាដៃឲ្យតែសមត្ថកិច្ច ភ្លេចគិតដល់ស្ត្រីជាអ្នករាយការណ៍ ដែលមិនខុសពីពាក្យមួយថា បើបានទឹកផឹកកុំភ្លេចប្រភព គឺប្រភពនេះហើយដែលនាំឲ្យមានកម្លាំងបង្រ្កាបបានជោគជ័យ ពោលបើមានការលើកទឹកចិត្ត ដល់ស្រី្តបែបនេះនាយជាលជឿថា និងមានស្រ្តីឯទៀត ដែលមានគូកំណាន់រកស៊ីល្មើសច្បាប់ ផ្សេងៗ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដើម្បីលប់បំបាត់បទល្មើសទាំង ឡាយផ្ទុយ និងច្បាប់ជាមិនខាន ។ នេះគ្រាន់តែជាគំនិតរបស់នាយជាលទេ បើត្រូវចាំយក បើ ខុសគ្រវាត់ចោលក្នុងធុងសំរាមទៅ ៕ នាយជាល