ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកលើសទម្ងន់ចេញពីស្រុកថៃ ឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ច្រើនកន្លែង ទើបមកចាប់បាននៅលង្វែក ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមមន្ត្រីចល័តលាក់មុខ​របស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះស្ទាក់ចាប់ឃាត់រថយន្តធុនធំ​ជាង​១០គ្រឿង ដែលផ្ទុកលើសទម្ងន់បានឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តមួយកន្លែង​នៅ​លង្វែក កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។ ក្រុមមន្ត្រីចល័តរបស់ក្រសួងសាធារណការ​ទាំងនោះ ​អះអាងថា រថយន្តទាំងជាង១០គ្រឿង (ម្តងថា១០ ម្តងថា១៣គ្រឿង) ភាគច្រើន​ដឹកស៊ីម៉ង់ត៍ និងដែកលើសទម្ងន់ ទើប​តម្រូវ​ឲ្យមានការត្រួតពិនិត្យ ហើយបើឃើញថា លើសទម្ងន់​នឹងត្រូវរងនូវការពិន័យតាមផ្លូវច្បាប់ ។

គេមិនដឹងថា តើ​ថយន្តដឹកដែក និងស៊ីម៉ង់ត៍​ទាំងនោះឆ្លងកាត់ស្ថានីយថ្លឹងរថយន្តប៉ុន្មានកន្លែងនោះទេ នៅពេលដែលគេចេញដំណើរពីព្រំដែនខ្មែរ-ថៃ រហូតមកដល់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទីដែលមន្ត្រីចល័ត នៃក្រសួង​សាធារណការចាប់ឃាត់នោះ ។ នៅក្នុងខេត្តបន្ទាយមានជ័យ​ក៏មានជញ្ជីងថ្លឹងរថយន្ត, បាត់ដំបង, ពោធិ៍សាត់ និងកំពង់ឆ្នាំងនេះ​ឯង ដែលសុទ្ធតែមានស្ថានីយថ្លឹងរថយន្ត! ចុះបើដឹងថា រថយន្តដឹកដែក ដឹកស៊ីម៉ង់ត៍ទាំងនោះលើសទម្ងន់ ហេតុអ្វីបានជាបណ្តោយ​ឲ្យពួកគេធ្វើ​ដំណើរ​តាំងពីព្រំដែន រហូតដល់​ខេត្តកំពង់ឆ្នាំង? ឬមួយជញ្ជីងថ្លឹងទម្ងន់នៅតាមស្ថានីយទាំងនោះ​មាន​បញ្ហាមិនប្រក្រតី?

ចំណុចនេះ គួរតែក្រសួងសាធារណការពិនិត្យឡើងវិញ ពីព្រោះថា ស្ថានីយថ្លឹងរថយន្ត​ ស្ទើរតែទាំងអស់នៅតាមផ្លូវជាតិ គឺពិតជាបាន​ប្រព្រឹត្តនូវទង្វើប្រហាក់ប្រហែលគ្នាចំពោះការឃុបឃិត​ឲ្យមានអំពើពុករលួយ ក្នុងការអនុញ្ញាតឲ្យរថយន្តដឹកទំនិញលើសទម្ងន់ចរាចរ​នៅលើ​ផ្លូវជាតិ ។ ជាក់ស្តែងករណីខាងលើនេះ គឺរថយន្តដឹកដែក បានចេញតាំងពីខេត្តបន្ទាយមានជ័យ​(ស្រុកថៃ) រហូតដល់​ភូមិស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង ហើយប្រសិនបើគ្មានក្រុមមន្ត្រីចល័ត នៃក្រសួងសាធារណការចុះទៅត្រួតពិនិត្យទេ រថយន្តទាំងជាង​១០គ្រឿងនោះ នឹងត្រូវធ្វើដំណើរចូលរាជធានីភ្នំពេញ ដោយសុវត្ថិភាពមិនខានឡើយ ។

ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង លោក កែវ ពៅ ប្រាប់ថា រថយន្តដែលចាប់បាន ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការថ្លឹងទម្ងន់ ហើយបើរកឃើញថា លើសត្រូវរើទំនិញទាំងនោះដាក់ចុះ រួចបង់ផាកពិន័យទៅតាមទម្ងន់ដែលលើស ហើយត្រូវធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទម្ងន់ ដែលច្បាប់បានកំណត់។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ប្រសិនបើក្រុមហ៊ុនទាំងនោះ នៅតែប្រព្រឹត្តបំពានច្បាប់ និងរំលោភលើកិច្ចសន្យាក្រសួងសាធារណការ និងដឹកជញ្ជូន និងបិទអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូននោះផងដែរ។

សូមបញ្ជាក់ថា ក្រុមមន្ត្រីក្រសួងសាធារណការ បានចុះគោលដៅត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចំណុច ភូមិស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រហែល១០០០ម៉ែត្រ ពីស្ថានីយជញ្ជីងថ្លឹងរថយន្តលង្វែក ខេត្តកំពង់ឆ្នាំង ដើម្បីងាយស្រួលត្រួតពិនិត្យទៅលើរថយន្តធុនធំ មុននឹងឆ្លងកាត់ស្ថានីយជញ្ជីងលង្វែក។

ប្រភពបានបង្ហើបថា កន្លងមកបច្ចុប្បន្នមានរថយន្តខ្លះដឹកលើសទម្ងន់ តែមិនបានចូលថ្លឹងរថយន្តខ្លះចូលថ្លឹងលើសទម្ងន់ ក៏នៅតែបង់លុយដដែល រួចហើយត្រូវបានអ្នកគ្រប់គ្រងជញ្ជីង អនុញ្ញាតអោយចេញដំណើរ ដោយគ្រាន់តែអោយម្ចាស់រថយន្តបង់លុយប៉ុណ្ណោះ។

សេចក្តីរាយការណ៍មួយផ្សេងទៀត បានអោយដឹងថា រថយន្ដដែលបានដឹកលើសទម្ងន់ ២ តោនកន្លះ គឺត្រូវបង់ពី១៥ម៉ឺនរៀល»ទៅ២០ម៉ឺន រៀល បើរថយន្ដយីឌុបភ្លៅបួនឬភ្លៅប្រាំ គឺបង់ចាប់ពីរ៣០ម៉ឺនរៀលទៅ៤០ម៉ឺនរៀលឡើងទៅ។

ករណីនេះច្រើនធ្វើនៅពេលយប់ចន្លោះពីម៉ោង៨ ទៅម៉ោង១២ រំលងអធ្រាត្រ ហើយចំណូល វិញ គេបង្ហើបអោយដឹងថា មានជាកញ្ចប់ សម្រាប់ចែកគ្នា ក្នុងមួយខែៗមានប្រាក់ពាន់ដុល្លារ ។

ប្រភពមួយផ្សេងទៀត បានបង្ហើបអោយដឹងនៅថ្ងៃទី១១ សីហានេះថា រថយន្តធុនធំដែលត្រូវខាងក្រុមជញ្ជីងចល័តធ្វើការឃាត់ខាងលើនេះ មានចំនួន១៣គ្រឿង ដែលដឹកដែកនិងស៊ីម៉ងត៍តាមបណ្តោយផ្លូវជាតិលេខ៥ ។ កន្លងទៅខាងក្រសួងធ្លាប់បានត្រួតពិនិត្យឃើញថា មានការដឹកលើសទម្ងន់តាមរថយន្តធុនធំហើយមានចូលស្ថានីយថ្លឹងរថយន្តនៅលង្វែកដែរទេ? ចុះបើចូលស្ថានីយថ្លឹងរថយន្តម៉េចបានជាផ្ទុកលើសទម្ងន់បែបនេះ ហើយអាចធ្វើដំណើររួចទៀត ? អញ្ចឹងហើយបានជាក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្មក់ចុះធ្វើការត្រួតពិនិត្យដោយរកឃើញរថយន្តធុនធំផ្ទុកលើសទម្ងន់រហូតដល់១៣គ្រឿង។

ការឃុបឃិតគ្នាជាមួយនឹងរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់នៅលើផ្លូវជាតិលេខ៥ ឆ្លងកាត់ស្ថានីយថ្លឹងរថយន្តកន្លងមក គឺបានរួមចំណែក ក្នុងការបំផ្លាញផ្លូវជាតិ ដែលជាការចំណាយថវិការបស់រដ្ឋ ហើយក៏ជាញើសឈាមប្រជាជន រួមនិងប្រាក់កម្ចីពីបណ្ដាប្រទេសផ្សេងៗដើម្បីស្ថាបនាផ្លូវជាតិផងដែរ។

សូមបញ្ជាក់ផងដែរ ក្រៅពីស្ថានីយជញ្ជីងថ្លឹងរថយន្ត ក៏នៅមានប៉ុស្តិ៍ត្រួតពិនិត្យចម្រុះមួយទៀតនៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិជន្លតដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដែលបានដាក់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ តែយ៉ាងម៉េចបានជារថយន្តដឹកលើសទម្ងន់ នៅតែទៅរួចចូលក្រុងបានដោយគ្មានការរំខានទាំង២ប៉ុស្តិ៍ ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

ក្រសួងសាធារណការ​នាគ្រាកន្លងមក ហាក់បង្ហាញមោទនភាព​ចំពោះអ្វីដែលទទួលបានពីការផាកពិន័យរថយន្តដឹកលើសទម្ងន់ ។ ប៉ុន្តែអ្វីដែលទទួលបានមិនស្មើនឹង​ការហិនហោចផ្លូវជាតិនោះឡើយ ។ ជាក់ស្តែងរថយន្តដឹកទំនិញ​លើសទម្ងន់ចេញតាំងពីប្រទេសថៃ រហូតមកដល់ខេត្តកំពង់ឆ្នាំង បើគ្មានក្រុមចល័តរបស់ក្រសួងទេនោះ ក្រុមមន្ត្រីថ្លឹងរថយន្ត​តាមស្ថានីយនីមួយៗ បានត្រឹមតែលូកដៃយកលុយពីពួកឈ្មួញ​ថៅកែ​រថយន្តដឹកទំនិញតែប៉ុណ្ណោះ ដោយមិនគិតពីបញ្ហា​ហិនហោចផ្លូវជាតិនោះទេ ។ ដូច្នេះក្រសួង​សាធារណការ គួរចាត់វិធានការ​តឹងតែងតាមផ្លូវច្បាប់ចំពោះមន្ត្រី​ដែលជាប្រធានស្ថានីយ​ថ្លឹងរថយន្តនីមួយៗ​ឲ្យបានម៉ត់ចត់ ៕ ហេង សូរិយា


ចែករំលែក៖