ខេត្តព្រះសីហនុ៖ លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។
លោកស្រី សំ ខាន់ឌី នាយិការបុរីកុមារកំព្រាខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុ ប្បន្នបុរីកុមារកំព្រាទទួលកុមារស្នាក់នៅចំនួន ២៦នាក់ ប្រុស ៥នាក់ ហើយបុរី បានបញ្ជូនកុមារកំព្រាទាំងអស់ចូលសិក្សារៀនសូត្រនៅតាមសាលារដ្ឋ ដូចកុមារដទៃទៀតផងដែរ កុមារដែលចេញពីបុរី ៩០ភាគរយ បានទទួលការងារធ្វើ ។
លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថ្លែងអំណរគុណអ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឲ្យចូលសាលារៀនសូត្រដូចកមារដទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឲ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាមការអប់រំរបស់អ្នកគ្រូក្នុងបុរី ខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីបុរី ក្មួយៗអាចរកការ ងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ មានដូចជា ស្កសរ ៥០គីឡូក្រាម អំបិល, ៥០កញ្ចប់, ប៉ីចេង ៥០កញ្ចប់, ក្រមា ៥០, កន្សែង ពោះគោ ៣០, ត្រីខកំប៉ុង ២កេសធំ ទឹកសុទ្ធ ៥០កេស ។ ចំពោះអ្នកគ្រូចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល និងកុមារកំព្រាចំនួន ២៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល ៕ឆ្លាម សមុទ្រ