ខេត្តកណ្ដាល៖ ជនជាតិចិន ជាមេការសំណង់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័មដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជូ យ៉ាវលីន (ZHU YAOLIN ) ភេទប្រុស កើតថ្ងៃទី១៨ ខែ១១ ឆ្នាំ១៩៦៦ ជនជាតិចិន មុខរបរ មេការសំណង់ចិន មានកាន់លិខិតឆ្លងដែន លេខ ED6230664 ចុះថ្ងៃទី16 .08 .2018 មានស្រុកកំណើតនៅខេត្តជាំងស៊ូ ប្រទេសចិន ។ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ វ័ង ជុនគឺ ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា បានប្រាប់សមត្ថកិច្ចថាៈ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៩ ជនរងគ្រោះមានសភាពស្រវឹងស្រា និងអក្ការៈមិនស្រួលខ្លួន ងងឹតមុខ ហើយឈប់ម៉ូតូដួល ដោយឃើញសភាពបែបនោះ រូបគាត់ក៏នាំជនរងគ្រោះ ទៅមន្ទីពេទ្យឯកជនចិនមួយកន្លែង នៅភូមិជ្រៃធំ ឃុំសំពៅពូន ដើម្បីព្យាបាល ។ បន្ទាប់ពីព្យាបាលសុខភាពបានស្រួលបួលវិញហើយ រូបគាត់ ក៍នាំជនរងគ្រោះយកមកបន្ទប់ស្នាក់នៅរបស់ខ្លួនវិញ ដោយសំរាកជាមួយគ្នា រហូតទល់ភ្លឺ រូបគាត់បានភ្ញាក់ពីដេកវិញ ហើយឃើញជនរងគ្រោះពុំទាន់ភ្ញាក់ ក៏ទៅដាស់ តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ក៏បានបង្កឲ្យមានផ្អើលឆោឡោ រួចក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូនដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីនគរបាលប៉ុស្ដិ៍សំពៅពូនទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បន្ដរាយការណ៍ទៅកម្លាំងនគរបាលជំនាញស្រុក និងបន្ដរាយការណ៍ទៅកម្លាំងនគរបាលការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត ដោយសហការជាមួយ អាជ្ញាធរមូលដ្ឋាន ,គ្រូពេទ្យផ្នែកជំនាញ និងតំណាងក្រុមហ៊ុនសំណង់ ដោយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពជនរងគ្រោះ ត្រូវបានដឹកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរងចាំសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យឮ