ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកមោងប្ញស្សីដែលដំណាំស្រូវជួបគ្រោះរាំងស្ងួតរងផលប៉ះពាល់ជាង៣ម៉ឺនហិកតា ត្រូវបានប្រជាកសិករដែលគ្រោះរងការខូចខាតដំណាំស្រូវចាប់ផ្តើមភ្ជួររាស់ដាំដុះស្តារឡើងវិញ និងសុំអំពាវនាវរាជរដ្ឋាភិបាលកម្ពុជាជួយផ្តល់ពូជស្រូវ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលដំណាំស្រូវរងផលប៉ះពាល់ជួបគ្រោះរាំងស្ងួតប្រមាណជាង៣ម៉ឺនហិកតាប្រជាកសិករមួយចំនួននៅក្នុងស្រុកមួយនេះដែលដំណាំស្រូវពួកគាត់រងការខូចខាតអស់ទាំងស្រុង បានចាប់ផ្តើមស្តា និងភ្ជួររាស់ផលិតដាំដុះស្រូវឡើងវិញឲ្យទាន់រដូវវស្សាដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្រែងទទួលបានទិន្នផលខ្លះមកវិញ និងបានអំពាវនាវដល់រាជរដ្ឋាភិបាលជួយផ្តល់ស្រូវពូជដើម្បីកាត់បន្ថយការលំបាក ។

ប្រជាពលរដ្ឋរស់នៅភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សីនៅរសៀលថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ បានលើកឡើងថា ស្រូវរាប់សិបហិកតានៅក្នុងតំបន់ពួកគាត់ផលិតស្រូវបង្កើនរដូវនៅឆ្នាំនេះភាគច្រើនបានជួបគ្រោះរាំងស្ងួត ។ ស្រូវមួយចំនួនធំបានខូចខាតដោយសារឆ្នាំនេះពុំសូវមានទឹកភ្លៀងនោះទេ ។ តំបន់ពួកគាត់ផលិតស្រូវនេះផងដែរនៅឆ្ងាយពីសំណង់ធារាសាស្រ្តផលិតស្រូវពឹងផ្អែកលើធម្មជាតិ ។ កន្លងមកពួកគាត់ភាគច្រើនផលិតស្រូវធ្ងន់ហៅស្រូវវស្សាមិនជោគជ័យនោះទេ ។ ក្នុងរដូវវស្សាតែងជួបគ្រោះទឹកជំនន់ពីទន្លេសាប ។ ពួកគាត់បែរនាំគ្នាមកផលិតស្រូវស្រាលបង្កើនរដូវនោះវិញដើម្បីរំពឹងទុក និងទទួលទិន្នផលសម្រាប់ជួយទ្រងទ្រង់ជីវភាពប៉ុន្តែការផលិតស្រូវស្រាលបានជួបគ្រោះរាំងស្ងួតកាន់តែធ្វើជីវភាពលំបាក ។

ជាមួយគ្នានេះ ពួកគាត់ក៏បានស្នើរាជរដ្ឋាភិបាល ជួយស្ដាយប្រឡាយទឹកនៅក្នុងតំបន់ពួកគាត់រស់នៅ ដើម្បីមានទឹកគ្រប់គ្រាន់ និងអាចធ្វើស្រែបានយ៉ាងហោចណាស់១ឆ្នាំ២ដងដូចកសិករនៅតំបន់ផ្សេង ។

ជុំវិញបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វិជ្ជរ៉ា បានប្រាប់ឲ្យដឹងថា កាលពី១សប្តាហ៍កន្លងទៅនេះក្រុមការងារមន្ទីរកសិកម្មបានចុះទៅស្រុកមោងប្ញស្សី ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ និងខូចខាតដំណាំស្រូវរបស់បងប្អូនកសិករ និងធ្វើរបាយការណ៍ជូនដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ស្នើទៅថ្នាក់ជាតិសុំគោលការណ៍ក្នុងការផ្តល់ស្រូវពូជជូនដល់កសិករដែលរងការខូចខាតដំណាំស្រូវ ។

លោកប្រធានមន្ទីរកសិកម្មប្រាប់ឲ្យដឹងទៀតថា ជាគោលការណ៍ប្រជាកសិករដែលរងគ្រោះខូចខាតដំណាំស្រូវ និងផ្តល់ជូនស្រូវពូជ១គ្រូសារ១០០គីឡូក្រាម ។ ប៉ុន្តែការផ្តល់ស្រូវពូជគឺពិនិត្យជាក់ស្តែងទៅលើកសិកដែលខ្វះលទ្ធភាព និងកសិករដែលផ្តល់ស្រូវពូជទៅហើយ និងអាចត្រូវស្តាផលិតស្រូវឡើងវិញបាន ។ ក្នុងករណីដែលតំបន់ផលិតស្រូវរបស់បងប្អូនកសិករមួយចំនួននៅឆ្ងាយពីប្រភពទឹកផ្គត់ផ្គង់គឺមិនអាចផ្តល់ស្រូវពូជជូនគាត់នោះឡើយ ។ ដោយសារតែផ្តល់ទៅគាត់មិនអាចស្តា និងផលិតបាននោះទេ ។

លោកបញ្ជាក់ទៀតថា ស្រុកមោងប្ញស្សីមានស្រូវប្រមាណជាង៣ម៉ឺនហិកតារងផលប៉ះពាល់ និងខូចខាតប៉ុន្តែក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ និងអាចជួយស្រោចស្រពសង្រ្គោះដំណាំស្រូវរងផលប៉ះពាល់ឲ្យរស់ឡើងវិញបានមួយចំនួន ៕ សំ វិច្ឆិកា


ចែករំលែក៖