ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងដើម្បីបរិស្ថានកាន់តែស្រស់បំព្រង និងបៃតង “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានរៀបចំសិក្ខាសាលាចំនួន ៤ វគ្គដោយសហការជាមួយអង្គការ Plastic Free Cambodia ។ សិក្ខាកាមដែលចូលរួម គឺជាលោកគ្រូ-អ្នកគ្រូមកពីអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងបុគ្គលិកណាហ្គាវើលដ៍ ខណៈសិក្ខាសាលាទាំងនេះមានគោលបំណងចែករំលែកអំពីការអនុវត្តល្អបំផុតក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក ។ បន្ទាប់ពីសិក្ខាសាលា សិក្ខាកាមទាំងអស់នឹងក្លាយជាអ្នកអភិរក្សបរិស្ថានគំរូដែលពួកគេនឹងទៅផ្តល់ចំណេះដឹងបន្តទៅដល់សិស្សានុសិស្ស និងសហគមន៍ ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ការប្រើប្រាស់ផលិតផលប្លាស្ទិក គឺជារឿងដែលមិនអាចគេចផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវាផ្តល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភដល់បរិស្ថានរបស់យើង ។ ទម្រាំរលាយ ប្លាស្ទិកចំណាយពេលរហូតដល់រាប់រយឆ្នាំ ។ ប្លាស្ទិក បញ្ចេញជាតិពុលគីមីទៅក្នុងបរិស្ថានដែលផ្តល់ហានិភ័យយ៉ាងគ្រោះថ្នាក់ដល់មនុស្សជាតិ ។ មានកាកសំណល់ប្លាស្ទិកយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរកឃើញនៅក្នុងសមុទ្ររបស់យើងដែលវាប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី ភាវរស់ និងរុក្ខជាតិនៅក្នុងសមុទ្រ” ។
លោក Pern Chen បានបន្ថែមថា “យោងទៅតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ទីក្រុងភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកជាង ១០ លានថង់រៀងរាល់ថ្ងៃ និងមានកាកសំណល់ជាង ៤ លានតោនជារៀងរាល់ឆ្នាំ ។ យើងត្រូវធ្វើចំណាត់ការជាបន្ទាន់ចំពោះស្ថានភាពដ៏អាក្រក់នេះ ។ យើងសង្ឃឹមថា ការសហការជាមួយអង្គការ Plastic Free Cambodia មិនត្រឹមតែនឹងជួយអប់រំដល់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិករបស់យើងឲ្យយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលដោយប្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ដឹងអំពីវិធីកាត់បន្ថយកាកសំណល់ប្លាស្ទិកទៀតផង ។ ដោយអនុវត្តទាំងអស់គ្នា យើងនឹងអាចការពារបរិស្ថានរបស់យើង និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រង និងបៃតង ។ រួមគ្នាដើម្បីក្លាយជាផ្នែកមួយនៃដំណោះស្រាយជាជាងក្លាយជាផ្នែកមួយនៃការបំពុលបរិស្ថាន” ។
ស្ថាបនិកអង្គការ Plastic Free Cambodia អ្នកស្រី Sarah Rhodes បានមានប្រសាសន៍ថា “បេសកកម្មរបស់យើង គឺបញ្ឈប់ការបំពុលដោយប្លាស្ទិក ។ យើងចែករំលែកគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យអ្នករាល់គ្នាចូលរួមកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ យើងក៏មានមោទនភាពផងដែរដែលបានធ្វើការជាមួយក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសចំពោះគំនិតផ្តួចផ្តើមនេះ” ។
ណាហ្គាវើលដ៍បេះដូងសប្បុរស មានគំនិតផ្តួចផ្តើមជាច្រើនទៀតពាក់ព័ន្ធនឹងបរិស្ថាន រួមមាន ការដាំកូនឈើជាង ៣.៣០០ ដើមនៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ការដើរប្រមូលសំរាមនៅក្នុងទីក្រុងយ៉ាងទៀងទាត់ ការគាំទ្រដល់ទិវាមួយម៉ោងសម្រាប់ភពផែនដី ការលើកកម្ពស់យុទ្ធសាស្ត្រ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) និងយុទ្ធនាការបញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិកទូទាំងក្រុមហ៊ុនណាហ្គាវើលដ៍ ៕ ស តារា
លោកគ្រូ-អ្នកគ្រូ បានក្លាយជាអ្នកអភិរក្សបរិស្ថានគំរូ ហើយពួកគាត់នឹងទៅផ្តល់ចំណេះដឹងអំពីបរិស្ថានដល់សិស្សានុសិស្ស និងសហគមន៍