ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជដឹកនាំ​ប្រតិភូ​​វិនិយោគិនពិនិត្យគម្រោងវិនិយោគ ផ្នែក​វិស័យ​សាសនានិង វិស័យ​កសិកម្ម​ទេសចរណ៍នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ​៖ ​ថ្មីៗនេះ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ព្រះអគ្គមហា​សង្ឃ​រាជនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិមន្ត​ដឹកនាំ​ប្រតិភូ​ជា​អ្នក​វិនិយោគ ផ្នែក​វិស័យ​សាសនា ចុះ​ពិនិត្យមើល​នូវ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ស្ថិតនៅ​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ហើយសម្តេចបានមានព្រះថេរដីកា​ថា បច្ចុប្បន្ន​នេះ ទីតាំង​នេះ បាន​រៀប​ចំ​ដំណើរការ​ដោយមាន​ការ​ជីក​ធ្វើ​អាង​បារាយណ៍ ដើម្បី​ជាទី​កន្លែង​តម្កល់​ទឹក​សម្រាប់​ប្រើប្រាស់​ការងារ​បង្កបង្កើន​ផល របស់​បងប្អូន​ប្រជាកសិករ​ក្នុង​សង្កាត់​ជ្រាវ និង ឃុំ​ជិតខាង​ផង​ដែរ ពិសេស​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព គឺ​ត្រូវ​ផ្សារភ្ជាប់​វិស័យ​សាសនា និង វិស័យ​កសិកម្ម​ទេសចរណ៍ ហើយ​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​នេះ មិនបាន​បម្រើ​ដល់​បុគ្គល​ណា​ឡើង គឺ​ដើម្បី​បម្រើ​ជាតិ និង សាសនា ក្នុង​គុណប្រយោជន៍​ជាតិ​ទាំងមូល។

សម្តេច​ព្រះ​អគ្គមហាសង្ឃរាជ មាន​​ព្រះថេរដីកា​​បន្ថែម​ថា ដោយ​យោង​ទៅតាម​គម្រោង​ប្លង់​លម្អិត នូវ​គម្រោង​អភិវឌ្ឍន៍ ប្លង់​មេ​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព គឺ​ត្រូវ​ផ្តល់​ឲ្យ​មួយ​វត្ត​ផ្ទៃដី​ទំហំ​១​ហិកតា ក្នុង​នោះ​អ្នក​វិនិយោគ​នៃ​ប្រទេស​វៀតណាម នឹង​នាំ​យក​នូវ​រូប​បដិមា ដែល​មាន​កម្ពស់​៤០​ម៉ែត្រ មាន​ទម្ងន់​៤០​តោន​ធ្វើ​អំពី​ថ្ម ដាក់​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់ ព្រមទាំង​មានការ​បង្កើត​នូវ​សាលារៀន ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ដល់​ឧ​ត្ត​ម​សិក្សា និង មាន​ទីផ្សារ សណ្ឋាគារ និង មន្ទីរពេទ្យ​ទៀត​ផង ដូច្នេះ សូម​លោក​ចៅសង្កាត់ ក៏​ដូច​អ្នក​កាន់​គម្រោង ត្រូវ​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​មាន​ប្រព័ន្ធ​ស្រោចស្រព ក្នុងការ​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ដល់​ស្រែ​របស់​ប្រជាកសិករ ដោយ​តំបន់​សង្កាត់​ជ្រាវ​នេះ បាន​កំពុង​ក្លាយជា​តំបន់​ក​សិ​ទេសចរណ៍ ដែលជា​ទីកន្លែង​ផលិត​បន្លែ​បង្កា​គ្មាន​ជាតិគីមី ក្នុងការ​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្រុង​សៀមរាប តាម​សណ្ឋាគារ ភោជនីយដ្ឋាន ដែល​បាន​លើកស្ទួយ​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ ក៏​ដូច​បណ្តា​សង្កាត់ ឃុំ​ជិតខាង​ផងដែរ។

សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បាន​អំពាវនាវ​ដល់​ជនរួមជាតិ ពុទ្ធបរិស័ទ​ទាំង​ក្នុង និង ក្រៅ​ប្រទេស ចូលរួម​ជា​បច្ច័យ ក្នុង​កិច្ចអភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ក្នុង​គុណប្រយោជន៍​ដល់​ប្រទេសជាតិ​កម្ពុជា​យើង។

ក្នុងឱកាសនោះដែរ លោក ក្តោប រ៉​ន ចៅសង្កាត់​ជ្រាវ បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដែល​មានគម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស រួមទាំង​អាង​បារាយណ៍ ក្នុងការ​បម្រើ​ដល់​ផលប្រយោជន៍​របស់​បង​ប្អូន​ប្រជាកសិករ ក្នុង​សង្កាត់​ជ្រាវ និង បណ្តា​ឃុំ​ជាប់​ជាមួយ​លើ​ការងារ​បង្កបង្កើនផល ទាំង​ប្រាំង វស្សា​ដែលមាន​ផ្ទៃដី ២៨៨​ហិក​តា ហើយ​ក្នុង​ការជីក​ធ្វើ​បារាយណ៍ ដើម្បី​ស្តុក​ទឹក​ធ្វើ​ការងារ​បង្កបង្កើនផល គឺ​មាន​វិសាលភាព​ក្នុង​ការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ទាំង​ប្រាំង និង វស្សា បាន​ជាង​២០០​ហិក​តានៅក្នុងតំបន់នោះ៕ ប្រាថ្នា


ចែករំលែក៖