ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញគាស់ទ្វាររថយន្តពលរដ្ឋលួចយកទ្រព្យសម្បត្តិអស់លុយចំនួន៨ពាន់ដុល្លារ ហើយពេលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ដកហូតលុយមកវិញបានតែចំនួន៤ពាន់ដុល្លារប៉ុណ្ណោះ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ តុង ហ៊ាង អាយុ៣០ឆ្នាំ មិខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ឡុង ស្រស់ អាយុ៣៥ឆ្នាំ ។
យោងតាមមន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចតរថយន្តរបស់ខ្លួននៅតាមបណ្តោយផ្លូវលេខ២៧៦ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានសាក់កាដូមួយដែលដាក់លុយចំនួន៨ពាន់ដុល្លារនៅខាងក្នុងនោះ ។ លុះពេលដែលជនរងគ្រោះជាម្ចាស់រថយន្តត្រឡប់មកវិញ ក៏បានឃើញទ្វាររថយន្តបិទមិនជិត និងរកមើលសាក់កាដូដាក់លុយនោះ ស្រាប់តែបាត់មិនឃើញនោះទេ ទើបមានការភ្ញាក់ផ្អើល រួចប្រញាប់ទៅប្តឹងកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី២ ដើម្បីជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
មន្រ្តីដដែលបន្តថា ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះថា មានករណីចោរគាស់ទ្វាររថយន្តលួចយកលុយអស់ចំនួន៨ពាន់ដុល្លាររួចហើយ កម្លាំងជំនាញខណ្ឌបឹងកេងកង ស្រាវជ្រាវទើបឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ និងរកឃើញលុយចំនួនតែ៤ពាន់ដុល្លារមកវិញប៉ុណ្ណោះ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចខណ្ឌបឹងកេងកង បានប្រគល់លុយចំនួន៤ពាន់ដុល្លារទៅជនរងគ្រោះវិញ ។ ចំណែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី ៕ស រស្មី