ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់គាំងបេះដូងស្លាប់ បន្ទាប់ពីមិនស្រួលខ្លួនប្រាប់អ្នកជិតខាងចង់ទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ បានដេកស្លាប់ដោយសារតែជំងឺប្រចាំកាយនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះមិនស្រួលខ្លួន ហើយប្រាប់អ្នកជិតខាងថាចង់ទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារប្រពន្ធរវល់ធ្វើការងារមិនទាន់បានជូនទៅ ស្រាប់តែគាំងបេះដូងស្លាប់តែម្តង ។

ករណីមនុស្សដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១០៨ កែងផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីនគរបាលជំនាញខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង១០និង៣០នាទីយប់ថ្ងៃកើតហេតុខាងលើ ប្រពន្ធរបស់ជនរងគ្រោះបានទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៧៤ឆ្នាំ បានស្លាប់ដោយមិនដឹងថាមូលហេតុអ្វីនោះទេ ។

ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់តែងតែចិញ្ចឹមមើលថែប្រពន្ធ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់មិនឱ្យពិបាកនោះទេ ហើយមុនពេលដែលប្តីស្លាប់ ប្តីរបស់គាត់បានប្រាប់អ្នកជិតខាងថា គាត់ដូចជាមិនសូវស្រួលខ្លួនចង់ទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែគាត់រវល់ការងារ ទើបមិនបានជូនប្តីទៅទេ ស្រាប់តែត្រលប់មកវិញឃើញប្តីដេកស្លាប់តែម្តង ។ ភ្លាមៗនោះគាត់ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍វត្តភ្នំ ចុះមកដល់កន្លែងកើតហេតុនិងទំនាក់ទំនងទៅនគរបាលជំនាញចុះមកធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែជំងឺប្រចាំកាយ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិដឹកយកទៅដំកល់ ទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី


ចែករំលែក៖