ខេត្តស្វាយរៀង៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនិងជិតចូលមកដល់នាពេលខាងមុខនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ដែលដាក់តាំងលក់នៅក្នុងផ្សារមួយនេះ។
មន្ត្រីកាំកង់ត្រូលបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ១៤មុខ ក្នុងផ្សារស្វាយជ្រំនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះ បានដកហូតទឹកត្រីកោះកុង១៩ដបនិងនំចម្រុះ៨កញ្ចប់ ប័រពីកំប៉ុង ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។
មន្ត្រីកាំកុងត្រូលបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង៕ យឹម សុថាន