ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើស ២ករណីផ្សេងគ្នានៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មើស២ផ្សេងគ្នា ក្នុងនោះជនសង្ស័យម្នាក់ចាប់ខ្លួននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស ប្រើដាវកាប់បណ្តាលឲ្យដាច់កូនដៃឆ្វេង នៅមុខស្ថានីយ៍ប្រេងឥន្ធនៈLHR ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យ៣នាក់ទៀតចាប់ខ្លួននៅថ្ងៃទី ១៦-០៩ -២០១៩ ម៉ោង០៣ និង៣០នាទី ទៀបភ្លឺ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់ (ដាវ) នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ ទី១-ម៉ូវ រតនា ភេទ ប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រព្រិត្តបទល្មើសកាលពីថ្ងៃទី១១-០៩-២០១៩ ម៉ោង២១ និង៣០នាទី ដោយប្រើដាវកាប់ប្រហារទៅលើជនរងគ្រោះឈ្មោះសុឹម វល័ក្ខណ៍ ភេទ ប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ចាក់សាំង ស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ បណ្តាលឲ្យដាច់កូនដៃឆ្វេង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៥-០៩-២០១៩ ។ ចំណែកជនសង្ស័យ៣នាក់ទៀតពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់ (ដាវ) នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៦-០៩ -២០១៩ ម៉ោង០៣ និង៣០នាទី ទៀបភ្លឺ មានឈ្មោះ១-ផូ សាងីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ។ ២-ឈ្មោះកែវ ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ។ ៣-ឈ្មោះ វង្ស វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ជនសង្ស័យ០៣នាក់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះត្រូវសមត្ថកិច្ចចាប់ខ្លួននៅគោលដៅ២ផ្សេងគ្នា ក្នុងនោះជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដាវកាប់បណ្តាលឲ្យដាច់កូនដៃឆ្វេង នៅមុខស្ថានីយ៍ប្រេងឥន្ធនៈLHR ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ កាលពីថ្ងៃទី១១-០៩-២០១៩ ម៉ោង២១ និង៣០នាទី ជនរងគ្រោះដែលជាកម្មករចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ LHR បានស្រែកឮៗហៅអ្នកលក់គុយទាវតាមផ្លូវមកហូប ពេលនោះ ក៏មានជនសង្ស័យ២នាក់ ឈ្មោះ ម៉ូវ រតនា អ្នកបើក ម៉ូតូ និងឈ្មោះទុល ពុធបញ្ញា ជិះម៉ូតូ មកដល់ទីនេះដែរ ក៏ឈប់ម៉ូតូ រួចសួរជនរង គ្រោះថា ឯងស្រែកឮៗដាក់អាណាគេ? ជនរងគ្រោះឆ្លើយថាអញស្រែកហៅគុយទាវហូបទេ! ហើយ ក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏ជិះម៉ូតូទៅយកដាវមកកាប់ជនរងគ្រោះដាច់កូនដៃឆ្វេង០១ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅព្យាបាលនៅគ្លីនិចឯកជន រួចមកដាក់ ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ។ លុះដល់ថ្ងៃទី១៥-០៩-២០១៩ ម៉ោង១០ និង០០ នាទី សមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះម៉ូវ រតនា បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។

ដោយឡែកជនសង្ស័យ៣នាក់ទៀតត្រូវកម្លាំងនគរបាលប៉ុស្តិ៍វាលស្បូវចាប់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់ ដាវ និងកាំបិត ។ នៅថ្ងៃទី១៦-០៩-២០១៩ ម៉ោង០៣ និង៣០នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ល្បាតក្នុងមូលដ្ឋាន ពេល មកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ ០៣នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម រកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលនោះសមត្ថកិច្ចក៏ឃាត់ត្រួតពិនិត្យរកឃើញដាវ០១ដើម, ទួណឺវីស០៣, ដង្កាប់០១, ដែកឆាប០១, កន្រ្តៃ០១, ដែកចុងស្រួចសម្រាប់ឆ្កឹះសោ០៤, កូនពិល០១ និងកូនកាំបិត០១ ដែលពួកជនសង្ស័យលាក់ក្នុងរ៉ឺម៉ក់ម៉ូតូ ក៏ឃាត់ខ្លួនជន សង្ស័យទាំង០៣នាក់ រួម និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕ សណ្តោស


ចែករំលែក៖