ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ស្ថិតក្នុងស្រុកកំពង់ស្វាយ បានកត់សម្គាល់ឃើញថា ឈ្មួញអ្នកមានលុយបានឃុបឃិតជាមួយមន្ត្រីជំនាញ បង្កើតបទល្មើសនេសាទជាចំហរហើយអាជ្ញាធរថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាពិសេសស្ថាប័នជំនាញ នៃមន្ទីរកសិកម្មខេត្ត ជាអ្នកឃុបឃិតឲ្យមានបទល្មើសនោះទៅវិញ ។ គេរាយការណ៍ថា ឈ្មួញមួយរូបឈ្មោះ គន កំពុងប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទនៅតំបន់បឹងទន្លេសាបក្នុងស្រុកកំពង់ស្វាយ ក្រោមការឃុបឃិតពីមន្ត្រីជំនាញ គឺលោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ សមត្ថកិច្ចដទៃទៀត ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ជាពិសេសថ្នាក់ដឹកនាំខេត្តសម្ងំស្ងៀមឈឹងក្នុងរឿងនេះ ។
គេរាយការណ៍ថា ជារៀងរាល់ឆ្នាំ ឈ្មួញជើងខ្លាំងខាងប្រព្រឹត្តបទល្មើសនេសាទឈ្មោះ គន បានឃុបឃិតជាមួយមន្ត្រីជំនាញសៅ វណ្ណសេរីវុធ ដាក់បទល្មើសនេសាទជាច្រើនកន្លែង និងជាចំហរមានទាំងលប អួន សៃយ៉ឺន ដែលប្រមូលបានធនធានមច្ឆគ្រប់ប្រភេទ ទាំងតូច ទាំងធំ ហើយអ្វីដែលពិសេសនោះ គឺបទល្មើសនេសាទនោះត្រូវបានដាក់ជាចំហរដោយគ្មានសមត្ថកិច្ចណាហ៊ានក្អក ឬសួរនាំនោះឡើយ ។ ក្រៅតែពីសែនព្រេនឲ្យលោក សៅ វណ្ណសេរីវុធ ឈ្មួញឈ្មោះ គន ក៏បានផ្តល់លាភសក្ការឲ្យមន្ត្រីនគរបាលខេត្តកំពង់ធំផងដែរ ទើបអាចប្រព្រឹត្តល្មើសបានដោយស្រួល និងជាចំហរ ។ កាលពីឆ្នាំទៅ ដោយសារតែមិនមានការសម្របសម្រួលទើបនគរបាលចុះទៅចាត់វិធានការបទល្មើសរបស់ឈ្មោះ គន នេះ ។ កាលណោះគេនិយាយថា នគរបាលបានវាយបំបែកឆ្នាំងបាយក្រុមមន្ត្រីជលផលហើយ ។
ឥឡូវនេះ ទាំងនគរបាល ទាំងមន្ត្រីជំនាញរដ្ឋបាលជលផល សុទ្ធតែនៅស្ងៀមឈឹង ផ្តល់ឱកាសឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទបំផ្លាញធនធានមច្ឆជាតិជាចំហរ បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនយ៉ាងណាក៏ដោយ ។ ថ្នាក់ដឹកនាំខេត្តកំពង់ធំ រួមទាំងលោក សុខ លូ ជាអភិបាលខេត្តផង ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ពោលគឺបណ្តោយ និងទុកឱកាសឲ្យលោកសៅ វណ្ណសេរីវុធ ឃុបឃិតជាមួយឈ្មួញធ្វើអ្វីបានស្រេចតែនឹងចិត្ត ។ ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ញាំងឲ្យក្លាយទៅជាចម្ងល់ និងចោទប្រកាន់ថ្នាក់ដឹកនាំខេត្តនេះថា ទំនងជាទទួលបានលាភសក្ការក្នុងកម្រិតណាមួយពីឈ្មួញ និងមន្ត្រីជលផលសៅ វណ្ណសេរីវុធនោះហើយមើល៍ទៅ ៕